ដោយ: គង់ លាងហួរ
អន្តរជាតិ: សារពត៌មាន The Sydney Morning Herald មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានចុះផ្សាយនូវអត្ថបទមួយដោយដោយចាត់ទុកកម្ពុជា ជាទីតាំងថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងទាក់ទាញចិត្តភ្ញៀវទេសចរអន្តរជាតិ មកពីបណ្តាប្រទេសនៅជុំវិញពិភពលោក។
អត្ថបទនោះត្រូវបានចុះផ្សាយ ដោយដាក់ចំណងជើងជាភាសាអង់គ្លេសថា “Forget Thailand and Vietnam: South-East Asia’s enticing new travel frontier”។
អត្ថបទដដែលសរសេរបន្តថា កម្ពុជាគឺជាប្រទេសមួយ ដែលកំពុងស្គាល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្របពេលដែលសំណង់អគារខ្ពស់ៗកប់ពពក កំពុងតែរីកដុះដាលដូចផ្សិត រួមទាំងមានអាកាសយានដ្ឋានថ្មីៗ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀតផងដែរ។
អត្ថបទទាក់ទងនឹងវិស័យទេសចរណ៍របស់សារពត៌មាន The Sydney Morning Herald ត្រូវបានចុះផ្សាយ ដោយដកស្រង់ចេញពីបទសម្ភាសន៍រវាងអ្នកនិពន្ធស្ត្រីម្នាក់ឈ្មោះ Julie Miller ជាមួយបុរសម្នាក់ឈ្មោះ ជា សារ៉ន (Sarorn Chea) ដែលជាក្រុមការងារផ្នែកបដិសណ្ឋារកិច្ច នៅរមណីយដ្ឋាន Shinta Mani Wild។
នៅក្នុងបទសម្ភាសន៍នោះ បានគូសរំលេចពីភាពសម្បូរបែបនៅក្នុងប្រទេសកម្ពុជា និងចាត់ទុកកម្ពុជា គឺជាតំបន់ទេសចរណ៍ថ្មី ដែលកំពុងមានភាពទាក់ទាញខ្លាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន ។
តាមរយៈបទសម្ភាសន៍នោះ លោក ជា សារ៉ន បានរៀបរាប់ថា “ក្នុងឆ្នាំ ២០០៩ ខ្ញុំធ្លាប់មកលេងរាជធានីភ្នំពេញ ប៉ុន្តែពេលនោះទីក្រុងភ្នំពេញ ស្ថិតក្នុងស្ថានភាពក្រីក្រនៅឡើយ បន្ទាប់ពីងើបចេញពីសង្គ្រាមជាច្រើនទសវត្សរ៍”។
លោកបន្តថា ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាពោរពេញទៅដោយយុវជនវ័យក្មេងពេញសមត្ថភាពជាច្រើន បូករួមទាំងភាពសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តខ្ពស់ ដែលជំរុញដោយឧស្សាហកម្មទេសចរណ៍ ហើយជាក់ស្តែង កាលពីឆ្នាំ២០២២កន្លងទៅ កម្ពុជារកបានប្រាក់ចំណូលសរុប តាមរយៈវិស័យទេសចរណ៍ចំនួន១,១៤ពាន់លានដុល្លារ និងបានបង្កើតការងារ បានប្រមាណ១២,៤ភាគរយ នៃការងារសរុបនៅក្នុងស្រុក”។
អត្ថបទដដែលសរសេរទៀតថា មជ្ឈដ្ឋាននានាជុំវិញពិភពលោក បានចាត់ទុកថា ក្រៅពីប្រទេសថៃ និងវៀតណាម កម្ពុជាគឺជាទីតាំងថ្មីបំផុតមួយ ដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរ មកពីគ្រប់ទិសទី ស្របពេលដែលប្រណីតភាពនៅកម្ពុជា កាន់តែមានភាពទាក់ទាញ។
ពិសេសជាងនេះទៅទៀត អត្ថបទខាងលើ បានណែនាំកញ្ចប់សេវាកម្មទេសចរណ៍លំដាប់ Ultimate Luxury Tour of Cambodia ដែលមានទីតាំងប្រណីតៗបំផុតចំនួន៤ រួមមាន រមណីយដ្ឋាន Shinta Mani Angkor រមណីយដ្ឋាន Shinta Mani Wild សណ្ឋាគារ Rosewood Phnom Penh និងរមណីយដ្ឋាន Six Senses Krabey Island នៅក្នុងដំណើរកម្សាន្តរយៈពេល១២យប់ ជាមួយនឹងតំបន់ប៉ូលទេសចរណ៍ចំនួន៤ នៅកម្ពុជា រួមមានដូចជា ប៉ូលទី១៖ តំបន់ប្រាសាទបុរាណ នៅក្នុងខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏លេចធ្លោ និងមានសក្ដានុពលខ្ពស់បំផុតនៅកម្ពុជា។
ប៉ូលទី២៖ ទិដ្ឋភាពរាជធានីភ្នំពេញ ដូចជា ចំណុចប្រសព្វរវាងទន្លេចតុមុខនិងទន្លេសាប សំណង់បែបប្រពៃណី ព្រះបរមរាជវាំង វត្តអារាម សំណង់អគារខ្ពស់ៗ ភោជនីយដ្ឋាន Sky Bar និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ។
ប៉ូលទី៣៖ រមណីយដ្ឋានអេកូឡូស៊ី នៅក្នុងតំបន់ព្រៃឈើអភិរក្ស ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ។
រីឯ ប៉ូលទី៤គឺ៖ រមណីយដ្ឋាន Six Senses ស្ថិតលើកោះក្របី ខេត្តព្រះសីហនុ ដែលជាតំបន់រមណីយដ្ឋានអេកូឡូស៊ី តំបន់អភិរក្សបក្សីនិងមេអំបៅ តំបន់ការពារថ្មប៉ប្រះទឹក និងតំបន់គ្មានកាកសំណល់ផ្លាស្ទិក ដោយអាចគយគន់ទេសភាពខេត្តព្រះសីហនុពីចម្ងាយ៕