ដោយៈ គង់ សូរិយា
កម្ពុជាៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកលឹម ស៊ីដេនីនបានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលកំពុងដំណើរការសាងសង់ រហូតមកដល់ពេលនេះគឺសម្រេចបាន៤៥%ហើយ។
លោកបានថ្លែងបញ្ជាក់យ៉ាងដូចនេះ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នាឱកាសដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាព ការងារគម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្ត ក្រចេះ និងផ្លូវតភ្ជាប់។
នៅក្នុងដំណើរកាត្រួតពិនិត្យ ក៏មានការចូលរួមពីអនុរដ្ឋលេខាធិការ សមាជិកអនុវត្តគម្រោង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុន សៀងហៃ និងតំណាងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ទៀតផង។
តាមបញ្ជាក់ពីក្រុមការងារ, ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង១៧៦១ម៉ែត្រ សាងសង់ក្នុងតម្លៃសរុប១១១,៩៨លានដុល្លារអាមេរិក ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០គ.ម (ផ្លូវតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤ គ.ម និងត្រើយខាងលិចប្រវែង៧,៨០៦ គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប១៦,២០៨ គីឡូម៉ែត្រ បច្ចុប្បន្នការងារផ្លូវសម្រេចបាន១៥ភាគរយ។
វឌ្ឍនភាពគម្រោងជារូបវ័ន្តទាំងមូល រហូតមកដល់បច្ចុប្បន្ន សម្រេចបាន២៩,១៨% ហើយគម្រោងសាង់សង់ស្ពានឆ្លង និងផ្លូវប្រវែងសរុប៣៤៥៩គីឡូម៉ែត្រ ក្នុងនោះត្រូវសាងសង់តភ្ជាប់នេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រវែង១៧៦១ម៉ែត្រមានមុខកាត់ទទឹង១៣, ៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងផ្លូវតភ្ជាប់មានប្រវែង១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្វែង៤ និងផ្លូវខ្វែង៤ ខ្សែនៅក្នុងក្រុងក្រចេះប្រវែង១៦,២០៨ គីឡូម៉ែត្រ។
លោកលឹម ស៊ីដេនីន បានថ្លែងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយ ភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងចន្លោះផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣៕