ដោយៈ គង់ សូរិយា
ភ្នំពេញៈ និយ័តករអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងបញ្ចាំ រួមនឹងសមាគមពាក់ព័ន្ឋបានបើកកិច្ចប្រជុំធំមួយ ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យអចលនវត្ថុ ២០២១-២០៣០។
លោក សន សៀប ប្រធានសមាគម និងថ្នាក់ដឹកនាំនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចូលរួមប្រជុំផ្តល់យោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍវិស័យអចលនវត្ថុ ឆ្នាំ២០២១-២០៣០ របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារ។
-->
កិច្ចប្រជុំនេះត្រូវបានដឹកនាំប្រជុំដោយ លោកជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អមដោយអគ្គរង មន្រ្តីជំនាញ និងមានសមាសភាពចូលរួមពីស្ថាប័នពាក់ព័ន្ធផ្សេងៗ ដូចជា៖ មន្រ្តីជំនាញមកពីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានពន្ធដារ សាលាក្រុងរាជធានីភ្នំពេញ និងសមាគមអ្នកសាងសង់កម្ពុជា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានផ្តោតលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន ១.សេចក្តីផ្តើម ២.ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាពវិស័យអចលនវត្ថុ និងបញ្ចាំ។ ៣.ចក្ខុវិស័យ គោលបំណង និងគោលដៅ និង៤.ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យអចលនវត្ថុ និងបញ្ចាំ ឆ្នាំ២០២១-២០៣០។
ថ្នាក់ដឹកនាំសមាគមមួយរូប ដែលបានចួលរួមក្នុងកិច្ចប្រជុំនេះបានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលស្ថិតក្រោមសេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងធ្វើការងារយ៉ាងសកម្ម លើការលុបបំបាត់នូវអ្នកគួកជេ ដែលគ្មានអាជ្ញាប័ណ្ណនៅក្នុងទីផ្សារ ដែលជាការរឹតបន្តឹងមួយ ដើម្បីជួយលើកកំពស់អ្នកនៅក្នុងវិស័យនេះ ដែលមានជំនាញនិងក្រុមហ៊ុនច្បាស់លាស់ និងជួយអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យនេះឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ៕
