ដោយៈ គង់ សូរិយា
ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន អ ប)កាលពីថ្ងៃទី១៤ មិនា បានប្រកាសឈ្មោះ ក្រុមហ៊ុន/គំរោងអភិវឌ្ឍន៍ដីឡូត៍ចំនួន១២ ដែលបានអភិវឌ្ឍន៍ឡើង ដោយគ្មានអាជ្ញាប័ណ្ណពីស្ថាប័នខាងលើនេះ។
យោងតាមសេចក្តីជូនដំណឹង និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.)ដែលបានប្រកាសនៅថ្ងៃទី១២ មិនាបានឲ្យដឹងថា ក្រុមហ៊ុន/ គម្រោងអភិវឌ្ឍអចលនវត្ថុចំនួន៤ ដូចមានឈ្មោះក្នុងតារាងខាងក្រោម បានធ្វើអាជីវកម្មអភិវឌ្ឍដីឡូតិ៍ដោយគ្មានអាជ្ញាបណ្ណពីន.អ.ប. ។
សេចក្តីជូនដំណឹងដដែលបានបន្តថា ដូចនេះសូមសាធារណៈជនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន ក្នុងការលក់ ទិញ ឬជួលចូលរួមធ្វើអាជីវកម្មឬពាក់ព័ន្ឋជាមួយនឹងក្រុមហ៊ុន/គំរោងអភិវឌ្ឍន៍អចលនវត្ថុ ដែលគ្មានអាជ្ញាប័ណ្ណទាំង១២ខាងលើ ដែលអាចធ្វើឲ្យខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ឋជាដើម។
គំរោងទាំងនោះរួមមានដូចជា ទី១ ក្រុមហ៊ុនស្កាយ ហ្គាឡាក់ស៊ីអ៊ិនវេសម៉ិន ឯ ក គំរោងដីឡូត៍ “ស្កាយ ហ្គាឡាក់ស៊ី” ទី២ គំរោងដីឡូត៍ ទីក្រុងមាស ទី៣ ក្រុមហ៊ុនធីឌីអចលនទ្រព្យសៀមរាប អង្គរ ឯ ក គំរោងដីឡូត៍ថ្មី ក្រុងតាខ្មៅ ទី៤ គំរោងដីឡូត៍ សបួរមាស ទី៥ ក្រុមហ៊ុន ដែនដី អង្គរ អ៊ិមផាយអឺ ឯ ក “គំរោងដែនដី អាណាចក្រអង្គរ” ទី៦ ក្រុមហ៊ុនខេ ភី រៀលអេស្ទេត ឯ ក ទី៧ គំរោងដីឡូត៍ម៉ន ដានី។
ទី៨ ក្រុមហ៊ុនកំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ ក គំរោងកំពត រីវើផាក ទី៩ ក្រុមហ៊ុនកំពត ហ្រ្គីនលែន ប្រផឹធី ឯ ក គំរោងចំការលំហែរកាយ ទី១០ ក្រុមហ៊ុនដង្ខៅ អ៊ិនវេសម៉ិន ឯ ក គំរោង “ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង” ទី១១ ក្រុមហ៊ុនដាប់បិល ណាញ ឯ ក គំរោង “មរតកទំព័រមាស” ទី១២ ក្រុមហ៊ុនវិចិត្រ ដារា អេនធើប្រាយ ឯ ក “គំរោងបុរីរីស៊ត មណ្ឌលគិរី”៕