កម្មវិធី“ម៉ាឡេស៊ីផ្ទះទី២របស់ខ្ញុំ”ទាក់ទាញបានជនជាតិចិន រាប់ម៉ឺននាក់ គិតត្រឹមដើមឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ គម្រោងទិដ្ឋាការស្នាក់នៅពេលចូលនិវត្តន៍ របស់ប្រទេសម៉ាឡេស៊ីទាក់ទាញបានអ្នកកាន់លិខិតឆ្លងដែន សកម្មជាង៥៦.០០០នាក់  ខណៈភាគច្រើនជាជនជាតិចិន។

លោក Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី  នៅថ្ងៃចន្ទ ទី១១ ខែមីនា បានអះអាងថា ចំនួនជនជាតិចិន គ្របដណ្តប់ភាគច្រើនបំផុត នៃចំនួនអ្នកកាន់លិខិតឆ្លង​ដែនសកម្មសរុប ក្រោមគម្រោង “ម៉ាឡេស៊ីផ្ទះទី២របស់ខ្ញុំ”(MM2H) ចំនួន២៤.៧៦៥នាក់។

ចំនួននេះតំណាងឱ្យប្រហែល៤៤ភាគរយ នៃចំនួនអ្នកកាន់លិខិតឆ្លងដែនសកម្មសរុប។

បន្ទាប់​ពីពលរដ្ឋចិនគឺ ពលរដ្ឋអូស្ត្រាលី មាន៩.២៦៥នាក់ ពល​រដ្ឋកូរ៉េ​ខាង​ត្បូងមាន៤.៩៤០នាក់ ពលរដ្ឋជប៉ុនមាន៤.៧៣៣នាក់ ពលរដ្ឋបង់ក្លាដែសមាន៣.៦០៤នាក់ និងពលរដ្ឋអង់គ្លេសមាន២.២៣៤នាក់។នេះបើយោងតាមសារពត៌មានMalay Mail។

ដោយឡែក គេក៏សង្កេតឃើញមាន អ្នកកាន់លិខិតឆ្លងដែនសកម្ម ក្រោមគម្រោង “ម៉ាឡេស៊ី ផ្ទះទី២របស់ខ្ញុំ”(MM2H) ជាង១.០០០នាក់ មកពីកោះតៃវ៉ាន់ សហរដ្ឋអាមេរិក សិង្ហបុរី ក៏ដូចជាប្រទេសឥណ្ឌាផងដែរ។

លោក Tiong បានអះអាងថា “ក្រសួងទេសចរណ៍ រួមជាមួយនឹងក្រសួងមហាផ្ទៃ និងនាយកដ្ឋានអន្តោប្រវេសន៍ កំពុងកែសម្រួល និងលម្អិតសំណើនីមួយៗ ដើម្បីកែលម្អតម្រូវការកម្មវិធី ដោយគិតគូរពីធាតុចូល និងមតិកែលម្អពីភាគីពាក់ព័ន្ធ។ ដូច្នេះចំនួន  អ្នកចូលរួមអាចកើនឡើង ដោយលើកទឹកចិត្ត ចំពោះការមកដល់នៃភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសមកកាន់ប្រទេសម៉ាឡេស៊ី”។

កាលពីខែធ្នូ ឆ្នាំមុន ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានបង្ហាញកំណែទម្រង់នៃកម្មវិធី“ម៉ាឡេស៊ី ផ្ទះទី២របស់ខ្ញុំ” តាមរយៈការធ្វើបច្ចុប្បន្នភាពលើតម្រូវការហិរញ្ញវត្ថុ។

គោលការណ៍ណែនាំ ដែលបានកែសម្រួល បានគូសបញ្ជាក់ពីការផ្លាស់ប្តូរជាច្រើន ចំពោះលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបាន រួមទាំងចំនួនប្រាក់បញ្ញើមានកាលកំណត់ ក៏ដូចជាអាយុអប្បបរមារបស់អ្នកដាក់ពាក្យ។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក Tiong បានមានប្រសា​សន៍ថា “ការផ្លាស់ប្តូរណាមួយចំពោះគម្រោងនេះ នឹងត្រូវបញ្ចប់រួចរាល់នៅកម្រិតក្រសួង មុនពេលបញ្ជូន ទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីអនុម័ត”។

លោកបន្ថែមថា “ដើម្បីរក្សាសន្តិសុខជាតិ បេក្ខជនត្រូវដាក់លិខិតបញ្ជាក់ពីភាពស្អាតស្អំ មិនធ្លាប់ប្រព្រឹត្តខុសច្បាប់ សម្រាប់សាមីខ្លួន និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ ដែលចេញនិងផ្ទៀងផ្ទាត់ដោយអា​ជ្ញា​ធរនៅក្នុងប្រទេសដើមកំណើត ឬប្រទេសដែលរស់នៅបច្ចុប្បន្ន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here