សម្តេចធិបតីកំណត់អាយុកាលអាជ្ញាប័ណគំរោងអភិវឌ្ឍន៍ទេសចរណ៍និងជម្រុញការការពារធនធានធម្មជាតិ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។

       ជាមួយគ្នានេះ សម្តេចធិបតីបានបញ្ជាក់ថា ចំពោះម្ចាស់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចណា ដែលមិនធ្វើសកម្មភាព រយៈពេល៦ខែក្រោយពេលទទួលអាជ្ញាបណ្ណ ឬធ្វើសកម្មភាពខុសគោលការណ៍ ដែលបានកំណត់ត្រូវដកយកអាជ្ញាបណ្ណមកវិញ។

សម្តេចបន្ថែមថា វិធានការនេះគឺដើម្បីធានាថា គម្រោងទេសច​រណ៍ខ្នាតតូចត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ផង ទាក់ទាញទេសចរផង និងដើម្បីធានាការពារធនធានធម្មជាតិផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដូចនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រង ការទន្ទ្រានតំបន់ព្រៃលិចទឹក នៅជុំវិញបឹង ទន្លេរ​សាប និងដោះស្រាយបញ្ហាឱ្យចប់ ប្រកបដោយប្រសិទ្ធភាព និងធានានិរន្តរភាពផងដែរ។

កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រឹងពង្រឹងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈយកចិត្តទុកដាក់ ការពារតំបន់ព្រៃលិចទឹក ទាំងទឹកសាប និងប្រៃ ធ្វើយ៉ាងណាការពារកេរ្តិ៍តំណែល និងធនធានធម្មជាតិឱ្យបានគង់វង្សផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here