ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Philippine Airline នឹងបើកសម្ភោធជើងហោះហើរត្រង់របស់ខ្លួនមកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមប្រភពព៌តមានពីក្រុមហ៊ុននេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ស្រីឆាយ ស៊ីវលីន បានមានប្រសាសនឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៤ កុម្ភៈនេះថា ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបើកជើងហោះហើរត្រង់ពីទីក្រុងម៉ានីល មកកាន់រាជធានីភ្នំពេញនាថ្ងៃទី១ មេសាខាងមុខនេះ។ លោកស្រីបន្តថា ការហោះហើរត្រង់នេះនឹងបង្កើនទេសចរណ៍ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀតនាពេលអនាគត។
លោកស្រីបន្ថែមថា “ហ្វីលីពីនជាប្រទេសធំមួយ ដែលមានភ្ញៀវទេសចរណ៍ និងអ្នកស្វែងរកការងារច្រើន ហេតុនេះការភ្ជាប់ជើហហោះហើរនេះ នឹងបង្កើនភ្ញៀវទេសចរណ៍ប្រទេសទី៣មកកម្ពុជាផងដែរ”។ លោកស្រីបន្ថែមថា “ប្រទេសហ្វីលីពីនមានតំបន់ទេសចរណ៍ច្រើន និងមានតំបន់ទេសចរណ៍ច្រើន ដែលជាសក្តានុពលសំរាប់កម្ពុជាទាក់ទាញទេសចរណ៍ជាតិសាសន៍ដទៃទៀត”។
កន្លងមកក៏ដូចជាបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Cebau Pacific ក៏បានហោះហើរត្រង់រវាងទីក្រុងសៀមរាប និងទីក្រុងម៉ាលីន ប្រទេសហ្វីលីពីនផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ Philippine Airline នឹងបើកពិធីប្រកាសពីគំរោងហះហើររបស់ខ្លួនមកកាន់កម្ពុជានៅថ្ងៃទី៥ មិនាខាងមុខនេះ។ ពិធីនេះនឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ៕