ដោយ: គង់ លាងហួរ
អន្តរជាតិ: គណៈកម្មាធិការប្រជាជន ខេត្តអានយ៉ាង (An Giang) ភាគខាងត្បូងប្រទេសវៀតណាម បានរៀបចំសន្និសីទមួយកាលពីថ្ងៃទី១៤ ខែមីនា ដើម្បីពិនិត្យកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយខេត្តតាកែវ ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ និងដាក់ចេញនូវទិសដៅសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៤នេះ។
ឆ្លៀតក្នុងឱកាសនោះ លោក Le Van Phuoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានបង្ហាញពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម ឆ្លងព្រំដែនរវាងប្រទេសទាំង២។
លោក Le Van Phuoc បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានអនុម័តរួច ខេត្តAn Giang នឹងរៀបចំសំណើកែលម្អ ច្រកទ្វារព្រំដែនទ្វេរភាគី បាក់ដាយ(Bac Dai) ឱ្យក្លាយទៅជាច្រកព្រំដែនដ៏សំខាន់មួយរវាងខេត្តទាំង២។ជាមួយគ្នានេះ រដ្ឋបាលខេត្តអានយ៉ាង និងខេត្តតាកែវ គ្រោងរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងសកម្មភាពរត់ពន្ធ ព្រមទាំងធ្វើសកម្មភាពល្បាតរួមគ្នា និងដោះស្រាយសកម្មភាពខុសច្បាប់ ដូចជាការដាំដុះ និងការទន្ទ្រានយកដីឆ្លងកាត់ព្រំដែន។
ជាងនេះទៅទៀត មន្ទីរពេទ្យស្រុក ក្រុង និងទីក្រុងក្នុងខេត្ត An Giang នឹងរក្សាគោលនយោបាយរបស់ខ្លួន ក្នុងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាពលរដ្ឋកម្ពុជា។
ម្យ៉ាងទៀតភាគីទាំង២ បានប្តេជ្ញាបន្តប្រមូលអដ្ឋិធាតុទាហានស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសមរភូមិកម្ពុជា ក្នុងស្មារតីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់នីតិវិធីឆ្លងកាត់ព្រំដែន ធានាចលនារបស់ប្រជាពលរដ្ឋ យានយន្ត និងសកម្មភាពផ្សេងៗទៀតប្រកបដោយភាពរលូន។
កាលពីឆ្នាំ២០២៣កន្លងទៅ ទំហំនៃការនាំចេញ និងការនាំចូលសរុប តាមរយៈច្រកទ្វារអន្តរជាតិទិញបៀន-ភ្នំដិន និងច្រកទ្វារ វិញហូយដុង-កំពង់ក្រសាំង រវាងខេត្តទាំងពីរ សម្រេចបានទឹកប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក៕