ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកជំទាវកុយ សុដានីបានចូលរួមកិច្ចប្រជុំពិភាក្សាការងារលើយន្ដការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិនជាមួយគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC)។
កិច្ចប្រជុំកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ កុយ សុដានី បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងពាក់ព័ន្ធនឹងការងារផ្លូវដែក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Cloud Meetings) ជាមួយគណៈប្រតិភូ នៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ដឹកនាំដោយលោកស្រី Zhang Jianhua អគ្គនាយករងមូលធនបរទេស និងវិនិយោគក្រៅប្រទេស ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស តំណាងក្រសួងពាណិជ្ជកម្ម តំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន តំណាងរដ្ឋបាលផ្លូវដែកជាតិចិន និងតំណាងក្រុមហ៊ុន China Railway SIYUAN Survey and Design Group Co., Ltd។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជជែកពិភាក្សាអំពីការជំរុញអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់ស្ដីពី ការបង្កើតយន្តការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់ អំពីកិច្ចសហប្រតិបត្តិការជុំវិញការអភិវឌ្ឍវិស័យផ្លូវដែក រវាងប្រទេសទាំងពីរ ដែលក្នុងនោះភាគីទាំងពីរបានឯកភាព លើចំណុចសំខាន់ៗមួយចំនួន រួមមាន ១)ការអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជារបស់គណៈប្រតិភូនៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៤ និង ២)ការជួយគាំទ្រ ដល់កម្មវិធីបណ្ដុះបណ្ដាលសមត្ថភាព ដល់មន្ត្រីបច្ចេកទេសពាក់ព័ន្ធ នឹងការងារផ្លូវដែកនៅកម្ពុជា សម្រាប់ការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវដែក។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងនូវការកោតសរសើ រ និងវាយតម្លៃខ្ពស់ ចំពោះការជួយគាំទ្ររបស់ភាគីចិន ជាពិសេសគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) នៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ផ្លូវដែក នៅកម្ពុជា និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការបន្ត និងការអញ្ជើញមកបំពេ ញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជារបស់គណៈប្រតិភូ និងជំនាញការចិននាពេលខាងមុខ៕