ដោយ: គង់ លាងហួរ
ប៉េកាំង: លោក Liu Zhenfang ប្រធានក្រុមហ៊ុន China State Railway Group ដែលដំណើរការប្រព័ន្ធផ្លូវដែកជាតិ បានអះអាងថា ប្រទេសចិន គ្រោងនឹងពន្លឿនការស្រាវជ្រាវ ការច្នៃប្រឌិត និងការអភិ វឌ្ឍន៍បច្ចេកវិទ្យាស្នូលសំខាន់ៗនៅឆ្នាំ២០២៤នេះ។
លោកលើកឡើងថា “យើងនឹងផ្តោតលើការអភិវឌ្ឍន៍រថភ្លើងល្បឿនលឿន ដែលមានសមត្ថភាពធ្វើដំណើរ ក្នុងល្បឿន៤៥០គីឡូ ម៉ែត្រក្នុងមួយម៉ោង និងបច្ចេកវិទ្យារថភ្លើងល្បឿនលឿនឆ្លាតវៃ”។
លោកLiu បានបន្តថា ក្រុមហ៊ុននឹងបន្តលើកកម្ពស់ការស្រាវជ្រាវដោយឯករាជ្យ និងកម្មវិធីឧស្សាហកម្មបច្ចេកវិទ្យាស្នូល សំខាន់ៗនៅឆ្នាំនេះ ដោយបង្កើនការពឹងផ្អែកលើខ្លួនឯង នៅក្នុងវិស័យបច្ចេកវិទ្យាផ្លូវដែក។
លោកបានបញ្ជាក់ថា “ការបង្កើតច្នៃប្រឌិតបច្ចេកវិទ្យា អាចជំរុញឧស្សាហកម្មថ្មី គំរូថ្មីនិងសន្ទុះថ្មី។ វាគឺជាធាតុស្នូលសម្រាប់ការអភិវឌ្ឍន៍កម្លាំងផលិតភាពថ្មី ដែលមានគុណភាព”។
លោកបានគូសរំលេចថា ផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសចិនគឺជាឧទាហរណ៍ដ៏ជោគជ័យ នៃការច្នៃប្រឌិតដោយឯករាជ្យ នៅក្នុងប្រទេសរបស់យើង ហើយកម្រិតបច្ចេកវិទ្យាទាំងមូល នៃផ្លូវដែករបស់ប្រទេសចិនបានឈានមុខគេក្នុងពិភពលោក។
លើសពីនេះ នៅឆ្នាំ២០២៥ខាងមុខ ក្រុមហ៊ុន China State Railway Group គ្រោងនឹងបង្ហាញរថភ្លើងទំនើបមួយទៀត ឈ្មោះ CR450 ដែលមានល្បឿនប្រតិបត្តិការចំនួន៤០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងល្បឿនពិសោធន៍ចំនួន៤៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
លោកបានបន្ថែមថា “នៅឆ្នាំ ២០២៣ សម្ព័ន្ធភាពដើម្បីលើកកម្ពស់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យផ្លូវដែកត្រូវបានបង្កើតឡើង ហើយគម្រោងច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់រថភ្លើង CR450 សម្រេចបាននូវរបកគំហើញសំខាន់ៗ”៕