ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកជំនាញបានលើកឡើងថា កត្តាជាច្រើន រួមទាំងការកើនឡើងខ្ពស់ នៃអត្រាការប្រាក់លើកម្ចីទិញផ្ទះកំពុងប៉ះពាល់ដល់លទ្ធភាពទិញផ្ទះ សម្រាប់ប្រជាពលរដ្ឋអាមេរិកជាច្រើនគ្រួសារ។
យោងតាមរបាយការណ៍ថ្មីៗនេះ ចេញផ្សាយដោយក្រុមហ៊ុន Zillow Group បានបង្ហាញថា កាលពីជិត៤ឆ្នាំមុន គ្រួសារដែលរកចំណូលបាន៥៩.០០០ដុល្លារក្នុងមួយឆ្នាំ អាចមានលទ្ធភាពខ្ចីប្រាក់កម្ចីថ្មី ដោយមិនចាំបាច់ចំណាយជាង៣០% នៃប្រាក់ចំណូលប្រចាំខែរបស់ពួកគេ និងត្រូវបង់ប្រាក់កក់ត្រឹមតែ១០%ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្តី បរិបទខាងលើបានប្រែប្រួល ខណៈដែលនៅឆ្នាំ២០២៤នេះ គ្រួសារខ្នាតតូចរកចំណូលបានប្រហែល៨១.០០០ដុល្លារក្នុងមួយឆ្នាំ កើនឡើងពី៦៦.០០០ដុល្លារក្នុងឆ្នាំ២០២០ ប៉ុន្តែប្រាក់ឈ្នួលនៅតែមិនអាចកើនឡើង ទាន់ថ្លៃផ្ទះនោះទេ។
លោក Orphe Divounguy សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Zillow Group បានអះអាងថា “ចាប់តាំងពីខែមករាឆ្នាំ២០២០មក ការទូទាត់ប្រាក់កម្ចីទិញផ្ទះ ជាលក្ខណៈគ្រួសារខ្នាតតូច នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងជិតទ្វេរដង”។
យោងតាមក្រុមហ៊ុន Zillow បានឱ្យដឹងថា សព្វថ្ងៃនេះ អ្នកមានបំណងទិញផ្ទះ ត្រូវរកប្រាក់ចំណូលឱ្យបាន ប្រហែល១០៦.៥០០ដុល្លារក្នុងមួយឆ្នាំ ទើបមានលទ្ធភាពទិញផ្ទះគ្រួសារខ្នាតតូចមួយ នៅសហរដ្ឋអាមេរិក ដែលកើនឡើង៨០% បើធៀបនឹងខែមករា ឆ្នាំ២០២០។
យោងតាមលោក C. Kirabo Jackson សេដ្ឋវិទូ និងជាសមាជិកក្រុមប្រឹក្សាសេតវិមានផ្នែកសេដ្ឋកិច្ចបានឱ្យដឹងថា គម្លាតរវាងតម្លៃលំនៅដ្ឋាន និងប្រាក់ឈ្នួល បាននិងកំពុងឃ្លាតចេញឆ្ងាយពីគ្នាជាបណ្តើរៗក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ការផ្គត់ផ្គង់នៅមានកម្រិត គឺជាមូលហេតុចម្បងមួយទៀត នៅពីក្រោយការហក់ឡើងខ្ពស់កប់ពពក នៃតម្លៃផ្ទះនៅសហរដ្ឋអាមេរិក ខណៈផ្ទះ ដែលត្រូវបានដាក់លក់នៅលើទីផ្សារ មានចំនួនកាន់តែតិចទៅៗ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើងយ៉ាងគំហុក។
យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ចំនួនលំនៅដ្ឋាន ដែលត្រូវបានសាងសង់ថ្មី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បាននិងកំពុងធ្លាក់ចុះ ហើយការផ្គត់ផ្គង់ថយចុះ ដោយសារបទប្បញ្ញត្តិនៃការប្រើប្រាស់ដី និងការកំណត់តំបន់(Zoning)ដ៏តឹងរ៉ឹង៕