ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ឋអាស៊ី(AIIB)បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋដល់ទីក្រុង នៃខេត្តចំនួន៤នៅកម្ពុជា។ទីក្រុងទាំងនៃខេត្តបួន រួមមាន ខេត្តកំពង់ចាម តាកែវ កំពង់ឆ្នាំង និងខេត្តព្រៃវែង។
លោកហេង ណនររដ្ឋលេខាធិការថក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែង ក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន ដោយបានគូសបញ្ជាក់ពីសារសំខាន់ នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដែលផ្តោតជាសំខាន់ លើការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធក្រុងនៅកម្ពុជា ក្នុងនោះរួមមានការសាងសង់ ប្រព័ន្ធការពារទឹកជំនន់ បណ្តាញលូ និងអាងចម្រោះទឹកកខ្វក់ ដោយនឹងត្រូវអនុវត្តន៍ក្នុងខេត្តចំនួនបួន រួមមាន៖ កំពង់ឆ្នាំង កំពង់ចាម តាកែវ និងព្រៃវែង។
កិច្ចប្រជុំពិភាក្សាស្តីពី គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (Urban Infrastructure Development Project) នៅកម្ពុជានេះស្ថិតក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។
នេះជាកិច្ចប្រជុំដំបូង លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅកម្ពុជា ក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមពីលោក លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកា អង្គភាពគ្រប់គ្រងគម្រោង ក្នុងគោលបំណងដើម្បីប្រកាសសុពលភាព សមាសភាពអង្គភាពគ្រប់គ្រងគម្រោងនេះ។
លោកហេង ណន បានស្នើឱ្យប្រធានគ្រប់គ្រងគម្រោងរួសរាន់ រៀបចំសេចក្តីព្រាងផែនការសកម្មភាព ស្របទៅតាមការណែនាំ នៃលិខិតបទដ្ឋានគតិយុត្តជាធរមាន និងស្នើឱ្យសមាជិក សមាជិកា នៃអង្គភាពគ្រប់គ្រងគម្រោងទាំងអស់ ត្រូវខិតខំអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយគុណភាព ស្របតាមសេចក្តីទុកចិត្ត និងគោលបំណងរបស់ថ្នាក់ដឹកនាំ៕