ដោយ: គង់ លាងហួរ
ហាណូយ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ជនបរទេសភាគច្រើនដែលទិញអាផាតម៉ិន នៅប្រទេសវៀតណាម ជាពិសេសនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយរំពឹងថា តម្លៃអាផាតម៉ិននឹងបន្តហក់ឡើងថ្លៃ។
យោងតាមរបាយការណ៍ក្រោមចំណងជើងថា “ពីរទសវត្សរ៍នៃការអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសវៀតណាម” ដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ក្រុមហ៊ុន CBRE Vietnam បានអះអាងថា ការដាក់ចេញនូវច្បាប់ថ្មីមួយ កាលពីឆ្នាំ២០១៥ ដែលអនុញ្ញាតឱ្យជនបរទេសអាចទិញអាផាតម៉ិនលំនៅដ្ឋាន បានជួយធ្វើពិពិធកម្មទិដ្ឋភាពអ្នកទិញ។
របាយការណ៍នេះ បានដកស្រង់ទិន្នន័យ ពីក្រសួងសំណង់របស់ប្រទេសវៀតណាមដែលបង្ហាញថា អ្នកទិញជាជនជាតិបរទេសចំនួន៣.០០០នាក់ត្រូវបានកត់ត្រា នៅក្នុងប្រទេសវៀតណាម ចាប់ពីឆ្នាំ២០១៥ ដល់ត្រីមាសទី៣ កាលពីឆ្នាំមុន។
របាយការណ៍ដដែលនេះបានបន្តឱ្យដឹងទៀតថា ចំនួន៩០% នៃជនបរទេសសរុប គឺជាអ្នកទិញខុនដូ ហើយចំនួន៧៥% មកប្រភពមកពីទីផ្សារនៅតំបន់អាស៊ី រួមមានដូចជា ប្រទេសចិន ហុងកុង កូរ៉េខាងត្បូង តៃវ៉ាន់ និងសិង្ហបុរី។
របាយការណ៍ខាងលើរបស់ក្រុមហ៊ុន CBRE បានគូសបញ្ជាក់ថា “ការទិញសម្រាប់ការវិនិយោគ នៅតែជាយុទ្ធសាស្រ្តដ៏ពេញនិយមបំផុតសម្រាប់ជនបរទេស ដែលទិញអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងប្រទេសវៀតណាម”។
ក្រុមហ៊ុនCBRE បានអះអាងទៀតថា គេសង្កេតឃើញមានជនជាតិបរទេសតិចតួចណាស់ ដែលភាគច្រើនជាអ្នករស់នៅរយៈពេលវែង បានទិញអចលនទ្រព្យលំនៅដ្ឋាន នៅប្រទេសវៀតណាមសម្រាប់ប្រើប្រាស់ដោយខ្លួនឯង៕






