ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកនុត អ៊ុនវ័ណរ៉ា បានទទួលជួបជាមួយតំណាងក្រុមហ៊ុន China National Offshore Oil Corporation (CNOOC)និងក្រុមហ៊ុនថៃ ដើម្បីពិភាក្សាពីកាលានុវត្តន៍ភាព និងឱកាសវិនិយោគនៅកម្ពុជា។
ប្រតិភូវិនិយោគិនដឹកនៃដោយលោក Zhang Ruochen អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ និងក្រុមហ៊ុន Cambodian Natural Gas ដឹកនាំដោយលោកស្រីNiu Liyun អនុប្រធានក្រុមហ៊ុន និងក្រុមហ៊ុនវិនិយោគឧស្សាហកម្មឈើដាំ Paper Tree (Cambodia) Co., Ltd. ដឹកនាំដោយលោក Yuenyong Subsaud ប្រធានទទួលបន្ទុកផ្នែកដាំដុះ និងផលិតកម្ម។
តំណាងក្រុមហ៊ុន CNOOC បានបង្ហាញពីចំណាប់អារម្មណ៍ពីការវិវត្តរីកចម្រើនរបស់កម្ពុជា និងបានជម្រាបជូនពីបំណងស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ននៅកម្ពុជា ដែលក្នុងនោះរួមមានទីតាំងស្តុកទុក ហេដ្ឋារចនាសម្ព័ន្ធចែកចាយ និងរោងចក្រអគ្គិសនី ដែលប្រើប្រាស់ឧស្ម័ន ដែលការវិនិយោគនេះ នឹងចូលរួមចំណែកបំពេញដល់តម្រូវការថាមពលរបស់កម្ពុជានៅពេលខាងមុខ។
ក្នុងជំនួបប្រជុំនៅថ្ងៃដដែលនេះ តំណាងក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd ដែលមកពីប្រទេសថៃ ក៏បានជម្រាបជូនពីសកម្មភាពរបស់ក្រុមហ៊ុននាពេលកន្លងមក ក្នុងការបណ្តាក់ទុនវិនិយោគឧស្សាហកម្មដំណាំឈើដាំនៅកម្ពុជា ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការតម្លើងរោងចក្រ ធ្វើការកាត់ចិញ្ច្រាំជាកម្ទេចឈើ រួចធ្វើការនាំចេញ។
ក្រុមហ៊ុនបានជម្រាបជូនពីបំណង ចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នាពេលឆាប់ៗ ខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុក ក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។
លោកអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនទាំង៣ ដែលបានមកធ្វើការសិក្សាស្វែងយល់នូវកាលានុវត្តភាពវិនិយោគ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយបានជម្រាបជូនពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្ត និងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុន ហើយដែលក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការទទួលបន្ទុកវិនិយោគនឹងត្រៀមខ្លួនជានិច្ច ក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងគាំទ្រដល់ដំណើប្រតិបត្តិការវិនិយោគ របស់ក្រុមហ៊ុនឲ្យទទួលបានជោគជ័យ៕