លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា

0

        ដោយៈ សហសេវិក

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវPaetongtarn Shinawatraអនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើស តាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោកជំទាវក៏បានអបអរសាទរផងដែរ ចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រ​យោជន៍ទៅវិញ ទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។ជាមួយគ្នានេះ លោកជំទាវក៏បានសម្តែងអំណរគុណ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញលោកជំទាវ មកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកជំទាវបានបង្ហាញ នូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត និងត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេងៗទៀត រួមទាំង ការលើកកម្ពស់តួនាទីរបស់ស្រ្តី ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្តែងការអបអរសាទរជូន ចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាប្រធានគណបក្សភឿថៃ ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះលោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានជម្រាបជូនអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីទៅកាន់ព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ កន្លងទៅ ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការងារ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here