កម្ពុជា ម៉ាឡេស៊ីរួមគ្នាបង្កើតឧទ្យានពាណិជ្ជកម្មទំហំ១០០ហិកតា នៅក្នុងខេត្តកណ្តាល

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ បណ្តាញអចលនទ្រព្យសកល IQI បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតឧទ្យានផលិតកម្មបច្ចេកវិទ្យាទំនើប មួយនៅកម្ពុជា។

តាមព័ត៌មានពីគម្រោងនេះបានឲ្យដឹងថា ដំណាក់កាលដំបូង នៃគម្រោងឧទ្យានបច្ចេកវិទ្យាកម្រិតខ្ពស់នេះ មានឈ្មោះថា Cambodia Malaysia China High-Tech Park នេះ មានតម្លៃវិនិយោគសរុបប្រមាណ៣00 លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដីរហូតដល់១00ហិកតា ជាមួយនឹងសក្តានុពលពង្រីកដល់២000 ហិកតានៅពេលក្រោយបន្ថែមទៀត នេះបើយោងតាម Edgeprop ចុះផ្សាយថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។

ស្ថិតនៅក្នុងខេត្តកណ្តាល ចំងាយត្រឹមតែ១០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ឧទ្យានផលិតកម្មបច្ចេកវិទ្យានេះ ស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រនៅជិតតំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនផងដែរ។

លោក Daniel Ho សហស្ថាបនិក IQI Global និងជានាយកគ្រប់គ្រងក្រុមហ៊ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃឧទ្យានឧស្សាហកម្មនេះដោយបញ្ជាក់ថា “ឧទ្យានឧស្សាហកម្មដ៏ទំនើបនេះ នឹងក្លាយជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោក ដែលមានចម្ងាយត្រឹមតែ១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានសេវាបម្រើ ដោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះ រួមទាំងផ្លូវល្បឿនលឿនចំនួនពីរ ថែមទៀតផង។

លោក Daniel បានគូសបញ្ជាក់ពីគោលដៅ ប្រកបដោយមហិច្ឆ តារបស់ក្រុមហ៊ុន ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាកម្រិតខ្ពស់ប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់តម្រូវការដែលមានស្រាប់ពីក្រុមហ៊ុនផលិត និងជំរុញកំណើនក្នុងទីផ្សារអាស៊ាន។

បន្ថែមពីលើការបង្កើតបរិយាកាស អំណោយផលសម្រាប់ក្រុមហ៊ុនពហុជាតិ ក្រុមហ៊ុន IQI គ្រោងនឹងបង្កើតមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ ដើម្បីបំពាក់បំប៉នកម្មករកម្ពុជា នូវជំនាញទំនើបថែមទៀត។

លោក Ho បានបង្ហាញពីទំនុកចិត្ត លើភាពជោគជ័យរបស់គម្រោងនេះ ដោយមានបំណងសម្រេច នៅផែនការក្នុង MoU ដែលបានចុះហត្ថលេខានេះ ទៅជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏រីកចម្រើនក្នុងរយៈពេលត្រឹមតែ ០៥ ឆ្នាំប៉ុណ្ណោះ។

ក្រុមហ៊ុនIQI មានគោលបំណងទាក់ទាញ អ្នកជួលផលិតកម្មតាមរយៈវេទិការបស់ខ្លួន សម្របសម្រួលការវិនិយោគឆ្លងព្រំដែន និងការអភិវឌ្ឍន៍សម្រាប់អតិថិជនសាជីវកម្ម ជាពិសេសមកពីប្រទេសម៉ាឡេស៊ី ចិន និងអ្នកវិនិយោគផ្សេងទៀត មកពីទូទាំងសកលលោក។

ឧទ្យាននេះ នឹងផ្តល់ជូននូវគ្រឿងបរិក្ខាររួមបញ្ចូលគ្នា ដើម្បីបង្កើ​នភាពពេញចិត្ត និងប្រសិទ្ធភាពរបស់បុគ្គលិក រួមទាំងជម្រើសអាហារ កន្លែងកម្សាន្ត និងសេវាកម្មសំខាន់ៗ។

លោក Chandy Mann ស្ថាបនិកក្រុមហ៊ុន Premium Housing Group ដែលជាហត្ថលេខីភាគីកម្ពុជា មួយក្នុងចំណោមដៃគូនៃ MoU នេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ចំពោះឧត្តមភាពរបស់គម្រោងនេះ តាមរយៈទិន្នន័យដែលមានបង្ហាញកាលវិភាគ និងក្នុងថវិកាគម្រោង។

ក្រុមហ៊ុន Premium Housing Group នឹងសហការជាមួយវិស្វករ និងស្ថាបត្យករល្បីឈ្មោះ ដើម្បីធានាបាននូវសម្ភារៈបរិក្ខារ និងអនុលោមតាមស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

ភាពជាដៃគូរវាង IQI និង EdgeProp ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២២ រួមបញ្ចូលវេទិកាបច្ចេកវិទ្យា ATLAS របស់ក្រុមហ៊ុន IQI ជាមួយនឹងដំណោះស្រាយទីផ្សារ និងម៉ាកយីហោរបស់ក្រុមហ៊ុន EdgeProp ផ្ទាល់តែម្តង។

ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាក្នុងអំឡុ​ងពេលវេទិការដ្ឋាភិបាលឌីជីថល នៅទីក្រុងភ្នំពេញមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងឌីជីថល របស់ប្រទេសម៉ាឡេស៊ី លោក Gobind Singh Deo ផងដែរ។

គម្រោងឧទ្យានផលិតកម្មបច្ចេកវិទ្យា Cambodia Malaysia China High-Tech Park នេះ កំពុងត្រៀមខ្លួនជាតួអង្គសំខាន់ នៅក្នុងទិដ្ឋភាព បរិវត្តកម្មឧស្សាហកម្មរបស់កម្ពុជា ក្នុងអនាគតដ៏ខ្លីខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here