សណ្ឋាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកគ្រោងបើកដំណើរការ នៅឆ្នាំ២០២៤នេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សណ្ឋាគារ​ថ្មី​មួយ ដែល​នឹង​ក្លាយ​ទៅជា​សណ្ឋាគារខ្ពស់​ជាង​គេ​បំផុត នៅលើ​ពិភពលោក​ ជាមួយកម្ពស់១០៤ជាន់ និងចំ​ណាយ​ថវិកាអស់ប្រហែល៤៩៤,១៥លានដុល្លារនឹងបើកដំណើរការនៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន Express.co.uk។

សណ្ឋាគារនោះត្រូវបានដាក់ឈ្មោះថា Ciel Tower មានទីតាំងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម(UAE) ដែលកំពុងត្រូវបានអភិវឌ្ឍសាងសង់ដោយក្រុមហ៊ុន Immo Prestige Limited ហើយសណ្ឋា​គារនេះ នឹងមានកម្ពស់ចំនួន៣៦៥ម៉ែត្រ។

នៅពេលដែកការសាងសង់បញ្ចប់រួចរាល់ សណ្ឋាគារនេះនឹងផ្តល់នូវទិដ្ឋភាព៣៦០ដឺក្រេ មើលពីលើឆ្នេរ Dubai Marina កោះ Palm Jumeirah និងឈូងសមុទ្រអារ៉ាប់។ សណ្ឋាគារនេះត្រូវបានគេគ្រោងទុកថា នឹងមានបន្ទប់ចំនួន១.០៤២បន្ទប់។

ទន្ទឹមនឹងនេះ បេតុងប្រហែល១.២០០០ម៉ែត្រគូប និងដែកជាង២.៧០០តោន ត្រូវបានប្រើប្រាស់សម្រាប់បុកគ្រឹះ សណ្ឋាគារខ្ពស់កប់ពពកមួយនេះ។ អគារនេះ បានចាប់ផ្តើមសាងសង់ឡើង ក្នុងឆ្នាំ២០១៨ ហើយត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ។

លោក Rob Burns នាយកប្រតិបត្តិនៃក្រុមហ៊ុន The First Group ដែលបានបណ្តាក់ទុនវិនិយោគ ទៅលើគម្រោងសណ្ឋាគារមួយនេះ បានមានប្រសាសន៍ឱ្យដឹងថា លោកកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចំពោះការបើកដំណើរការសណ្ឋាគារដ៏ប្រណីតនេះ។

លោកបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានសេចក្តីរំភើបរីករាយ ក្នុងការនាំយកសណ្ឋាគារខ្ពស់កប់ពពក The Ciel Tower ចូលមកកាន់ Skyline របស់ទីក្រុងឌូបៃ ដែលនឹងកំណត់ឡើងវិញ នូវបដិសណ្ឋារកិច្ចកម្រិតខ្ពស់ និងបង្ហាញពីអ្វីដែលទីក្រុងឌូបៃ អាចផ្តល់ជូនយ៉ាងល្អបំផុត”។

លោកបន្ថែមថា “ទោះបីជាជួបប្រទះបញ្ហាប្រឈម នៃជំងឺរាតត្បា​តយ៉ាងណាក្តីក៏ប៉ុន្តែ យើងកំពុងសម្រេចបានវឌ្ឍនភាពដ៏អស្ចារ្យ និងស្ថិតនៅលើផ្លូវយ៉ាងរឹងមាំ ឆ្ពោះទៅបើកដំណើរការសណ្ឋាគារនេះជាផ្លូវការនៅឆ្នាំ២០២៤”៕

LEAVE A REPLY

Please enter your comment!
Please enter your name here