តើអ្នកវិនិយោគអន្តរជាតិមើលឃើញឱកាសវិនិយោគខុនដូនៅ កម្ពុជាមានសភាពបែបណា?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កម្ពុជាមានលក្ខខ័ណ្ឌអំណោយផលជាច្រើន សម្រាប់ការវិនិយោគ ស្របពេលរដ្ឋាភិបាលបាន និងកំពុងបន្តកែទម្រង់ឥតឈប់ឈរលើច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើឲ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើង។

       ជាអ្នកមានប្រវត្តិវិនិយោគ នៅកម្ពុជារយៈពេលវែង និងបច្ចុប្បន្នកំពុងវិនិយោគលើគំរោងខុនដូUrban Village ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ លោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុនUrban Hub& Factory Phnom Penhបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤នេះ មានការវិនិយោគគួរឲ្យកត់សំគាល់ពីសំណាក់ជនបរទេស ដែលពួកគេផ្តោតលើគំរោងខុនដូ ព្រោះពួកគេចូលចិត្តរស់នៅ ជាមួយបរិស្ថានស្អាត មានសុវត្ថិភាព ផាសុខភាព និងអនាម័យ។

       លោកបន្តថា “នៅពេលពួកគេទិញខុនដូ ហើយចង់លក់ចេញវិញ ពួកគេមិនចាំបាច់លក់ខ្លួនឯងទេ ពួកគេដាក់ឲ្យអ្នកគ្រប់គ្រងគំរោងជួយលក់ជាការស្រេច”។ លោកបន្តថា “ហេតុនេះ ទើបអ្នកមកពីក្រៅ​ប្រទេស ពួកគេមិនស្វែងរកខុនដូ និងមើលពីប្រវត្តិអ្នកអភិវឌ្ឍន៍ដែលទទួលបានជោគជ័យរួចហើយ”។

       តើអ្វីនៅពីក្រោយការលូតលាស់ នៅក្នុងទីផ្សារខុនដូនៅកម្ពុជា ?លោកបណ្ឌិតBen Liបានបន្តថា កាលពីឆ្នាំ២០២៣ ការលក់និងការទូទាត់លុយ ពិតជាទាបខ្លាំង ដោយនៅកម្ពុជាអ្នកមានអាយុក្រោម៣០ឆ្នាំ គឺមានចំនួន៦០ភាគរយ ពួកគេមានតម្រូវការប្រើប្រាស់ខ្ពស់។ ឧទាហរ​ណ៍បើពួកគេរៀបការ ហើយពួកគេមានកូនត្រូវទៅរៀន ខុនដូ គឺជាជម្រើសរបស់ពួកគេ ដែលងាយស្រួលប្រើប្រាស់។

       លោកបន្តថា ក្រោយវិបត្តិកូវីដ១៩ មានអ្នកមានកូនច្រើន នៅជុំវិញយើងមានក្មេងជាច្រើន ហើយនិន្នាការនេះកើតមាននៅតាមប្រទេសជាច្រើន។ គ្រួសារទើបរៀបការថ្មីៗ ពួកគេអាចទិញខុនដូ សម្រាប់ការរស់នៅប្រកបដោយផាសុខភាព ដែលមានសហគមន៍នៅជុំវិញ មានកន្លែងកម្សាន្តរៀងរាល់ចុងសប្តាហ៍ មានសេវាកម្មលក់រាយជាដើម ព្រោះខុនដូដែលមានតែអាគារមិនគ្រប់គ្រាន់ទេ។

       អ្នកទិញខុនដូ បានសម្លឹងមើលលើចំណុចសំខាន់ៗចំនួន៣ ទី១ គឺការទទួលបានចំណូលពីការជួលត្រលប់មកវិញ ទី២ ការចំណេញ​ដើមទុន ទី៣ ហានិភ័យនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស ពិសេសនៅកម្ពុជា គឺទទួលបានផលចំណេញពីការវិនិយោគខ្ពស់ជាងគេ គឺទទួលបានផលចំណេញពីការវិនិយោគ៦ភាគរយ ប៉ុន្តែនៅប្រទេសចិនផលចំណេញ ពីការវិនិយោគទទួលបាន១,៣ភាគរយ នៅហុងកុង២,២ភាគរយ នៅសឹង្ហបុរី២,៥ភាគរយ នៅបាងកក ប្រទេសថៃ៣ភាគរយ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងទីក្រុងហូ ជីម៉ិញគឺទទួលបានផលពីការវិនិយោគ៣,៥ភាគរយក្នុងមួយឆ្នាំ។

       លោកបណ្ឌិតBen Liបានបន្តថា ហេតុនេះហើយ ទើបពួកគេវិនិយោគ ដើម្បីទទួលបានផលចំណេញត្រលប់វិញ ហើយនៅរាជធានីភ្នំពេញ គឺជាទីតាំងល្អសម្រាប់ពួកគេ គឺចំណេញពីការវិនិយោគខ្ពស់ ពិសេសកម្ពុជា ល្អជាងវៀតណាម ហុងកុង ម៉ាកាវ កាណាដា និងអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here