ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ស្ថានភាពទីផ្សារជួលផ្ទះ ឬទីតាំងអាជីវកម្មណាមួយ ស្ថិតនៅក្នុងសភាពមិនទាន់ច្បាស់លាស់នៅឡើយ ខណៈមានការបើក និងបិទជាបន្តបន្ទាប់។
លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា អាជីវកម្មបើកថ្មី មួយចំនួន មិនសូវដំណើរការល្អប្រសើរទេ ដោយហាងខ្លះបានបើក និងបិទទៅវិញជាបន្តបន្ទាប់ ខណៈពេលស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ បានធ្វើឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នក្នុងការចំណាយ។
លោកបន្តថា “អាជីវកម្ម ដែលមានម៉ាកយីហោល្បី និងអាចឈរជើងបាន៣ទៅ៥ឆ្នាំក្នុងទីផ្សារ នៅតែអាចដំណើរការបាន ប៉ុន្តែអាជីវកម្មបើកថ្មីមួយចំនួន បានប្រឈមហានិភ័យផងដែរ”។ លោកបន្តថា “ទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្ម ដែលមានតម្លៃចាប់ពី៥០០០ទៅ១ម៉ឺនដុល្លារ ពិបាករកភ្ញៀវជួល ដោយសារម្ចាស់អាជីវកម្ម និងក្រុមហ៊ុនមួយចំនួនបានកាត់បន្ថយការចំណាយរបស់ពួកគេ”។






