តើកត្តាអ្វីខ្លះធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោមគោលដៅកំពូលទាំង១០ សម្រាប់អ្នកវិនិយោគសិង្ហបុរី?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមគោលដៅកំពូលទាំង១០ សម្រាប់អ្នកចូលចិត្តទិញផ្ទះនៅបរទេស មកពីប្រទេសសិង្ហបុរី។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនភ្នាក់​ងារអចលនទ្រព្យJuwai IQI។

យោងតាមបញ្ជីគោលដៅកំពូលទាំង១០ សម្រាប់អ្នកទិញលំនៅដ្ឋានមកពីសិង្ហបុរី ដែលចងក្រងដោយក្រុមហ៊ុន Juwai IQI បង្ហាញថា កម្ពុជាទទួលបានចំណែក៣,៣០ភាគរយ នៃការសាកសួរពត៌មាននៅបរទេសសរុបទាំងអស់ ដោយអ្នកទិញផ្ទះមកពីសិង្ហបុរី។

ចំណែក ប្រទេសជាប់ចំណាត់ថ្នាក់លេខ១០ចុងក្រោយគេ គឺប្រទេសឥណ្ឌូនេស៊ី ដែលទទួលបានចំណែក២,៧០ភាគរយ នៃការសាកសួរពត៌មាន នៅបរទេសសរុបទាំងអស់ ដោយអ្នកទិញផ្ទះមកពីសិង្ហបុរី។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនសិង្ហបុរី កំពុងលេចវត្តមាន និងបណ្តាក់ទុនទៅលើគម្រោងខុនដូ លំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយសារសក្តានុពលផលចំណេញត្រឡប់មកវិញពីការវិនិយោគ។

ផលចំណេញពីការជួល(Rental yields) ក្នុងប្រទេសសិង្ហបុរីផ្ទាល់ មានកម្រិតស្របតាមស្តង់ដារអន្តរជាតិ ដែលស្ថិតក្នុងរង្វង់ជាមធ្យម៤,៨% ប៉ុន្តែទាបជាងផលចំណេញ ពីការជួលជាមធ្យមពី៦% ទៅ៧% ដែលត្រូវបានកត់ត្រានៅក្នុងរាជធានីភ្នំពេញ។

ចំណែក ប្រទេសអូស្ត្រាលីគឺជាគោលដៅកំពូលទី១ សម្រាប់អ្នកចង់ទិញផ្ទះមកពីប្រទេសសិង្ហបុរី តាមពីក្រោយដោយប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន អង់គ្លេស វៀតណាម កាណាដា សហរដ្ឋអាមេរិក កម្ពុជា និងឥណ្ឌូនេស៊ី។

ការវាយតម្លៃចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយផ្អែកលើទិន្នន័យនៃការសាកសួរពត៌មាន សរុបអំពីអចលនទ្រព្យលំនៅដ្ឋាន ដែលធ្វើឡើងដោយអ្នកទិញអចលនទ្រព្យ ដែលមានទីតាំងនៅប្រទេ​សសិង្ហបុរី ចន្លោះខែមករាឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។

ទិន្នន័យនេះផ្តល់នូវការយល់ដឹងដ៏មានតម្លៃ ចំពោះចំណូលចិត្តរបស់អ្នកវិនិយោគអចលនទ្រព្យសិង្ហបុរី នៅពេលពិចារណាលើការវិនិយោគនៅក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here