កូរ៉េខាងត្បូងបង្ហាញមហិច្ឆតាចុះចតយានអវកាសនៅលើភព ព្រះច័ន្ទនៅឆ្នាំ២០៣២

0

ដោយ: គង់ លាងហួរ

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងពង្រីកថវិកាអភិវឌ្ឍន៍ឧស្សាហកម្មអវកាសរបស់ខ្លួន ដល់ទំហំទឹកប្រាក់១,១៤ពាន់លានដុល្លារ នៅឆ្នាំ២០២៧។

ប្រទេសនេះមានផែនការទាក់ទាញ ទុនវិនិយោគពីវិស័យឯកជនចំនួន១០០ទ្រីលានវ៉ុននៅឆ្នាំ២០៤៥ ដើម្បីបង្កើតការងារដែលមានគុណភាពខ្ពស់ចំនួន២៥ម៉ឺនកន្លែង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានថ្លែងបែបនេះ នៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះ ចង្កោមឧស្សាហកម្មអវកាស ដែលរៀបចំធ្វើឡើង នៅក្រុមហ៊ុន Korea Aerospace Industries ក្នុងទីក្រុង Sacheon ខេត្ត Gyeongsang កាលពីសប្តាហ៍មុន។

លោក Yoon បានថ្លែងបន្តថា “យើងនឹងចុះចតយានអវកាសរបស់យើងនៅលើឋានព្រះច័ន្ទ នៅឆ្នាំ២០៣២ និងដោតទង់ជាតិកូរ៉េខាងត្បូង នៅលើភពព្រះអង្គារនៅឆ្នាំ២០៤៥ ហើយយើងកំពុងបោះជំហានដ៏អស្ចារ្យមួយឆ្ពោះទៅអនាគត”។

ចង្កោមឧស្សាហកម្មអវកាស គឺជាគម្រោងថ្នាក់ជាតិ ដើម្បីជំរុញឧស្សាហកម្មអវកាស ដែលដឹកនាំដោយវិស័យឯកជន ដោយកំណត់យកខេត្ត South Jeolla ជាខេត្តឯកទេសសម្រាប់ការបាញ់បង្ហោះយាន ខេត្តSouth Gyeongsang ជាខេត្តឯកទេសសម្រាប់បាញ់បង្ហោះផ្កាយរណប និងខេត្តDaejeon ជាខេត្តឯកទេសសម្រាប់អ្នកជំនាញផ្នែកឧស្សាហកម្មអវកាស ដោយបង្កើតបានជាប្រព័ន្ធត្រីកោណ។

តាមរយៈចង្កោមឧស្សាហកម្មអវកាសនេះ ប្រទេសកូរ៉េខាងត្បូង មានមហិច្ឆិតា គ្រប់គ្រងជាង១០ភាគរយ នៃចំណែកទីផ្សារឧស្សាហកម្មអវកាសសកលនៅឆ្នាំ២០២៥ ដើម្បីក្លាយជាមហាអំណាចមួយក្នុងចំណោមមហាអំណាចអវកាសទាំង៥របស់ពិភពលោក។

ឧស្សាហកម្មអវកាស គឺជាឧស្សាហកម្មដ៏ជោគជ័យមួយនាពេលអនាគត ដោយទំហំទីផ្សារដែលពាក់ព័ន្ធនឹងវិស័យនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ទឹកប្រាក់ ចំនួន២,៧ទ្រីលានដុល្លារនៅឆ្នាំ២០៤០៕

LEAVE A REPLY

Please enter your comment!
Please enter your name here