ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះ៩ភាគរយ ក្នុងរយ:ពេលពីរខែដំបូងដើមឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
យោងតាមទិន្នន័យផ្លូវការ ដែលបានចេញផ្សាយដោយការិយាល័យស្ថិតិជាតិ (NBS) កាលពីពេលថ្មីៗនេះ បានបង្ហាញថា វិស័យអចលនទ្រព្យចិន ក៏បានជួបប្រទះជាមួយនឹងការធ្លាក់ចុះ នៃតម្លៃផ្ទះផងដែរ ខណៈកាលពីខែកុម្ភៈកន្លងទៅ តម្លៃផ្ទះនៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងរង្វង់០,៣ភាគរយ។
ជាមួយគ្នានេះ លោក Nie Wen សេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Hwabao Trust Co.,LTD. បានមានប្រសាសន៍ឱ្យដឹងថា វិស័យអចលនទ្រព្យ ក្នុងប្រទេសចិន នៅតែបន្តនិន្នាការធ្លាក់ចុះ។ លោកបន្តថា “ការវិនិយោគទៅលើវិស័យអចលនទ្រព្យចិន អាចនឹងបន្តធ្លាក់ចុះ ស្របពេលដែលអ្នកអភិវឌ្ឍន៍ជាច្រើន មិនទាន់អាចងើបចេញពីវិបត្តិបំណុលបាននៅឡើយ”។
ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលរបស់ប្រទេសចិន បាននិងកំពុងបន្តដាក់ឱ្យអនុវត្តវិធានការជាច្រើន ដើម្បីស្តារវិស័យអចលនទ្រព្យ ចេញពីវិបត្តិ។
តួយ៉ាង ទីក្រុងប៉េកាំង បានប្រើប្រាស់យន្តការថ្មីមួយ ដែលហៅថា “បញ្ជីស” កាលពីខែមករា ដើម្បីបញ្ចេញមូលនិធិពីធនាគាររដ្ឋ ចូលទៅក្នុងគម្រោងអចលនទ្រព្យមួយចំនួន ដែលត្រូវបានអនុម័តយល់ព្រមដោយរដ្ឋាភិបាល។
គិតត្រឹមខែកុម្ភៈកន្លងទៅ រដ្ឋាភិបាលចិន បានអនុម័តកញ្ចប់ថវិកាសម្រាប់ជួយស្តារវិស័យអចលនទ្រព្យ ក្នុងទំហំទឹកប្រាក់ប្រមាណ២៨ពាន់លានដុល្លារ។ កញ្ចប់ថវិកានេះ ត្រូវបានទម្លាក់ជួយដល់គម្រោងអចលនទ្រព្យជាង៦ពាន់គម្រោង ដែលក្នុងនោះចំនួន៨២% នៃគម្រោងសរុប គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន។
ជាមួយគ្នានេះ រដ្ឋាភិបាលចិនបានប្តេជ្ញាថា ខ្លួននឹងបន្តគាំទ្រអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលជួបទុក្ខលំបាក តាមរយៈមធ្យោបាយផ្តល់ហិរញ្ញប្បទាន ដោយសមហេតុផល ប៉ុន្តែរដ្ឋាភិបាលមិនជួយអ្នកអភិវឌ្ឍន៍ ដែលប្រឈមនឹងការក្ស័យធននោះទេ។
ប៉ុន្តែទោះបីជាមានវិធានការជាច្រើន រួចមកហើយយ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យចិន នៅតែបន្តដាំក្បាលចុះ ខណៈការទិញផ្ទះ ការផ្តល់ហិរញ្ញប្បទាន និងការចាប់ផ្តើមសាងសង់គម្រោងឡើងវិញ របស់ក្រុមហ៊ុនអចលនទ្រព្យចិន នៅតែបន្តជាប់គាំងនៅឡើយ៕