បុណ្យទន្លេរនៅខេត្តសៀមរាប ព្រឹត្តិការណ៍ដែលកន្លងផុត ប៉ុន្តែស្ថិតនៅក្នុងការចងចាំជាមួយស្នាមញញឹម

ចែករំលែក

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទម្រង់សិល្បៈទស្សនីយភាពជាច្រើន បានបង្ហាញឡើងក្នុងព្រឹត្តិការណ៍បុណ្យទន្លេរ រយៈពេលពីរថ្ងៃ ដែលបានបញ្ចប់ទៅជាមួយស្នាមញញឹម និងអនុស្សាវរីយ៍ជាច្រើន។

       បុណ្យទន្លេរ ដែលបានចាប់ផ្តើមពីថ្ងៃទី១៦ ដល់១៧មិនាកន្លងមកនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណ៥៥ម៉ឺននាក់ចូលរួមទស្សនា និងកម្សាន្តប៉ុណ្ណោះទេ តែព្រឹត្តិការណ៍ល់កទី៨នេះ បានបង្ហាញនូវទម្រង់សិល្បៈដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានធ្វើដំណើរមកកាន់ខេត្តសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍នានា។

កម្រងរូបភាពអនុស្សាវរីយ៍រយៈពេល៣ថ្ងៃ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ព្រមទាំងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” ដែលក្រសួងទេសចរណ៍ រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន បានរៀបចំឡើងក្រោមប្រធានបទ “ទន្លេដើម្បី សន្តិភាព និងការអភិវឌ្ឍ” ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានរួមចំណែកជំរុញកំណើនភ្ញៀវទេស​ចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេរ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរ នូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។

នៅក្នុងព្រឹត្តិការណ៍នេះ មាននូវសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចជា ១- ការជិះទូកកម្សាន្ត ២- មហោស្រពម្ហូបអាហារមេគង្គ ៣- ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ៤- ការវាយកូនហ្គោល ៥- សិល្បៈសូនរូប ៦- ការតាំងពិព័រណ៌រូបភាពសត្វស្លាប។ ៧- ការតាំងពិព័រណ៍ត្រី ៨- ការតាំងពិព័រណ៍តុក្តតា ៩- ពិធីបណ្តែតកន្ទោង។ ១០- ទស្សនីយភាព សិល្បៈមហាជន និងល្ខោនស្បែកធំ ១១- យុទ្ធនាការសំអាតបរិស្ថានតាមក្រុង ១២- កីឡាបាញ់ធ្នូ ១៣- ការប្រឡងប្រជែងអានអត្ថបទ ១៤- ពិធីព្រលែងកូនត្រី ១៥- ការជិះកង់កម្សាន្ត ១៦- ស្តង់លក់ទំនិញ ១៧- ការកម្សាន្តនៅ Pub Street និងកម្មវិធីផ្សេងៗជាច្រើនទៀត។

ក្រៅពីកម្មវិធីកម្សាន្តខាងលើនេះ ក៏មានការចូលរួមពីសិល្បៈករល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនផងដែរ។សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃកម្ពុជាបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបុណ្យទន្លេរលើកទី៨ ដែលបានបញ្ចប់កាលពីចុងសប្តាហ៍មុន៕


ចែករំលែក