ក្រុមហ៊ុនAirAsia Cambodia គ្រោងបើកជើងហោះហើរក្នុងស្រុករវាងរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប នៅឧសភា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានចាប់ផ្តើមការលក់សំបុត្រ សម្រាប់ជើងហោះហើរក្នុងស្រុក ខណៈក្រុមហ៊ុន AirAsia កំពុងពង្រីកអង្គភាពនៅទូទាំងតំបន់ និងឈានទៅចាប់យកឱកាសពីការកើនឡើងនៃតម្រូវការធ្វើដំណើរ។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia កើតចេញពីការបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន AirAsia Capital A ដែលកាន់កាប់ភាគហ៊ុនចំនួន៥១% និងក្រុមហ៊ុនកម្ពុជា Sivilai Asia កាន់កាប់ភាគហ៊ុនដែលនៅសេសសល់។

យោងតាម​សេចក្តី​ថ្លែងការណ៍ ​នៅ​ថ្ងៃ​ចន្ទ ទី១៨ ខែមីនា បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន AirAsia Cambodia នឹងបើកជើង​ហោះហើរ​ដំបូង​របស់​ខ្លួន​ រវាង​រាជធានីភ្នំពេញ ​ទៅ​កាន់ខេត្តសៀមរាប​ នៅ​ថ្ងៃ​ទី២ ខែ​ឧសភាខាងមុខនេះ។

ជាមួយគ្នានោះ ក្រុមហ៊ុន​នេះ​ នឹង​ផ្តល់​សេវា​ផ្លូវ​ហោះហើរ​ រវាង​ទីក្រុង​ទាំងពីរ​ ក៏ដូចជា ​សេវាហោះហើរទៅ​ខេត្ត​ព្រះសីហនុ​ផងដែរ ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ Airbus A320 ចំនួន​ពីរ​គ្រឿង។

ការបើកជើងហោះហើរលើកដំបូង នៅខែឧសភាខាងមុខនេះ គឺយឺតជាងផែនការដំបូងជាង១ឆ្នាំ ដែលនឹងកត់សម្គាល់ការពង្រីកខ្លួនជាលើកដំបូងរបស់ក្រុមហ៊ុននេះ ចូលទៅក្នុងទីផ្សារថ្មីមួយ គិតចាប់តាំងពីជំងឺរាតត្បាត បានវាយលុកផ្នែកហិរញ្ញវត្ថុរបស់ខ្លួន និងបង្ខំឱ្យក្រុមហ៊ុនបិទអង្គភាពនៅក្នុងប្រទេសឥណ្ឌា និងជប៉ុន។ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក៏កំពុងស្វែងរកឱកាសផ្សេងទៀត នៅក្នុងទីផ្សារអាស៊ានផងដែរ។

លោក Tony Fernandes ស្ថាបនិកក្រុមហ៊ុន AirAsia បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការបង្កើតអង្គភាពថ្មី នៅប្រទេសសិង្ហបុរី និងវៀតណាម ដែលនឹងបង្កើនប្រតិបត្តិការ ដែលមានស្រាប់នៅក្នុងប្រទេសម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសថៃ។

លោក Vissoth Nam នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការធ្វើដំណើរតាមផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា សម្រេចបានកំណើនគួរឱ្យកត់សម្គាល់។

លោកបន្ថែមថា “យើងមានចក្ខុវិស័យ ក្នុងការផ្លាស់ប្តូររបៀបដែ​លប្រជាជនធ្វើដំណើរក្នុងប្រទេសកម្ពុជា និងធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាស ក្លាយជាផ្នែកដ៏សំខាន់មួយ នៃបណ្តាញដឹកជញ្ជូនរបស់ប្រទេសកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here