ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីថៃ កំពុងដាក់ចេញយុទ្ធសាស្ត្រវិនិយោគថ្មីមួយនៅឆ្នាំនេះ គឺការផ្លាស់ប្តូរឆ្ពោះទៅរកការបង្កើន ការវិនិយោគទៅលើទីផ្សារអចលនទ្រព្យនៅបរទេស ដើម្បីពង្រឹងផលប័ត្ររបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន The Nation។
ការដាក់ចេញយុទ្ធសាស្ត្រនេះ មានគោលបំណងកាត់បន្ថយហានិភ័យ ដែលកើតចេញពីភាពមិនប្រាកដប្រជា ខាងផ្នែកសេដ្ឋកិច្ច និងនយោបាយ ទាំងក្នុងស្រុក និងអន្តរជាតិ។
ទីផ្សារអចលនទ្រព្យនៅក្រៅប្រទេស ជាពិសេសនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានទទួលប្រជាប្រិយភាពឡើងវិញក្នុងចំណោមមហាសេដ្ឋីថៃ ស្របពេលដែលសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យទាំងមូលរបស់ប្រទេសថៃ មិនទាន់ស្ទុះងើបឡើងវិញពេញលេញនៅឡើយ។
និន្នាការនេះត្រូវបានគេវាយតម្លៃថា បណ្តាលមកពីឥស្សរជនថៃមួយចំនួនធំ បានបញ្ជូនកូនរបស់ពួកគេទៅសិក្សា នៅចក្រភពអង់គ្លេ ស ជាពិសេសថ្នាក់វិទ្យាល័យ ដែលនាំឱ្យពួកគេត្រូវបន្តចំណាយពេលស្នាក់នៅចាប់ពី៧ ទៅ៨ឆ្នាំ នៅប្រទេសអង់គ្លេស។
លោកស្រី Praphinleeya Phuengkuankhan ប្រធានផ្នែកលក់លំនៅដ្ឋាននៅក្រុមហ៊ុន CBRE Thailand Limited បានលើកឡើងថា គោលដៅទិញអចលនទ្រព្យ នៅបរទេសដ៏ពេញនិយមបំផុតក្នុងចំណោមវិនិយោគិនថៃ គឺប្រទេសអង់គ្លេស។
អតិថិជនភាគច្រើន ដែលទិញអចលនទ្រព្យនៅចក្រភពអង់ គ្លេសផ្តោតជាចម្បង ទៅលើការទិញអចលនទ្រព្យ នៅទីក្រុងឡុងដ៍ ព្រោះអចលនទ្រព្យទាំងនេះ អាចជាកន្លែងស្នាក់នៅសម្រាប់កូនៗរបស់ពួកគេនៅពេលកំពុងសិក្សា។
ជាធម្មតា មហាសេដ្ឋីថៃបានចំណាយថវិកា សម្រាប់ការវិនិយោគបែបនេះ ចាប់ពីជាង១លានដុល្លារ ទៅ២,៥៧លានដុល្លារ ដែលស្មើនឹងប្រមាណ៣៦ ទៅ៩១លានបាត ហើយអចលនទ្រព្យជាធម្មតាមានបន្ទប់គេងចំនួន១ ឬ២បន្ទប់។
ចំណែកឯ ជប៉ុនបានក្លាយជាប្រទេសដ៏ពេញនិយម បំផុតទី២សម្រាប់ការវិនិយោគលើអចលនទ្រព្យ ក្នុងចំណោមមហាសេដ្ឋីថៃ។ កាលពីមុន ក្រុមអតិថិជន ដែលចាប់អារម្មណ៍ក្នុងការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសជប៉ុន ភាគច្រើនបានទិញអចលនទ្រព្យទៅកោះហុកកៃដូ។
អចលនទ្រព្យ ដែលមានបន្ទប់គេងចំនួន២នៅទីនោះ មានតម្លៃអប្បបរមាប្រហែល៣០លានបាត (ប្រហែល៨៤៦.៥០១ដុល្លារ)។
ក្នុងពេលជាមួយគ្នានេះ អ្នកវិនិយោគថៃមានការចាប់អារម្មណ៍នៅក្នុងតំបន់ផ្សេងទៀតដូចជា ទីក្រុង Osaka ដែលស័ក្តិសមសម្រាប់អ្នក ដែលចង់ចាប់ផ្តើមការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសជប៉ុន ខណៈអចលនទ្រព្យទំហំ២០ម៉ែត្រការ៉េនៅទីនោះ អាចមានតម្លៃចន្លោះពី៧ទៅ៨លានបាតប៉ុណ្ណោះ៕