ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាលកាន់តែច្រើន បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនលើផ្នែកដីធ្លី។
អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២០ មិនាថា គិតរហូតមកដល់ជិតដំណាច់ត្រីមាសទី១នេះ ស្ថានភាពទីផ្សារអចលនទ្រព្យ ពិសេសដីធ្លីបានងើបឡើងវិញបណ្តើរៗ ប៉ុន្តែមិនមានសញ្ញាកើនឡើងខ្ពស់នោះទេ ដោយចរន្តនៃការដោះដូរឬវិនិយោគ គឺ សម្រាប់អ្នកមានលុយ ដែលពួកគាត់ទន្ទឹងរង់ចាំជាយូរមកហើយនោះ បានចាប់ផ្តើមស្វែងរកទិញដី ដែលមានតម្លៃក្រោមទីផ្សារ។
លោកបន្តថា “ទិសខាងលិច និងខាងត្បូងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់វិនិយោគិន”។ លោកបន្យល់ថា “ការចាប់អារម្មណ៍តំបន់នេះ ដោយសារការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់ រដ្ឋាភិបាល ដូចជា ព្រលានយន្តហោះអន្តរជាតិតេជោ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងគំរោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតដូចជា គម្រោងជីកព្រែកហ្វូណនតេជោជាដើម”។
លោកស៊ាន ឆៃលីនបានបន្តថា ហេដ្ឋារចនាសម្ព័ន្ឋដើរតួនាទីសំខាន់ណាស់ ក្នុងការទាក់ទាញអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគនានា ដែលបាន និងកំពុងចាប់អារម្មណ៍លើការវិនិយោគ ក៏ដូចជា ផលចំណេ ញដែលគេរំពឹងនឹងទទួលបាននាពេលអនាគត។
ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារដីដែលមានតម្លៃក្រោមទីផ្សារ មានការចាប់អារម្មណ៍ច្រើន ពិសេសដីដែលនៅជាប់ផ្លូវធំ និងមានទីតាំងល្អ។
លោកស្រីបញ្ជាក់ថា “ស្ថានភាពតម្លៃដីធ្លី មិនទាន់ងើបឡើងនៅឡើយទេ ប៉ុន្តែអាចងើងឡើងនៅរយៈពេល២ទៅ៣ឆ្នាំខាងមុខ នៅពេលចរន្តទិញលក់កើនឡើងខ្ពស់”៕