ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការសិក្សាពីតម្រូវការរបស់អតិថិជន និងការផ្គត់ផ្គង់ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង នៅតែអាចដំណើរការ និងឈរជើងយ៉ាងរ៉ឹងមាំក្នុងទីផ្សារ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaនិងជាអ្នកអភិវឌ្ឈន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា មុនសម្រេចចិត្តវិនិយោគបុរីវិមានសំណាងឡើង លោកបានសិក្សាពីបុរីនៅជុំវិញជាង១០គំរោង ទើបសម្រេចចិត្តវិនិយោគបុរី លំដាប់អភិជននេះឡើង។
លោកឧកញ៉ាបានបន្តថា “បុរីរបស់យើងផ្តោតលើសហគមន៍អភិជនជំនាន់ថ្មី ដែលចូលចិត្តបរិយាកាសរស់នៅ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងសហគមន៍អភិជនដូចគ្នា”។ លោកបន្តថា “យើងផ្តោតលើភាពពិសេសមិនធ្លាប់មាន ក្នុងចំណោមអ្នកអភិវឌ្ឍន៍បុរីនានា ដោយផ្ទៃដីជាង២៥ហិកតា យើងសាងសង់ផ្ទះជាង៤០០ប៉ុណ្ណោះ”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ការរីកចម្រើនបាននិងកំពុងឆ្ពោះ មកកាន់ភាគខាងជើងរាជធានីភ្នំពេញ ដោយសារក្រសួងស្ថាប័នរដ្ឋាភិបាល កាន់តែច្រើនឆ្ពោះមកកាន់តំបន់នេះ ពិសេសការវិនិយោគ លើមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន ដែលផ្តល់នូវផាសុខភាព និងភាពងាយស្រួលក្នុងការរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់នេះ។
ការពង្រីកមហាវិថីឈ្នះ ឈ្នះ ពហុកីឡដ្ឋានមរតកតេជោ វិមានឈ្នះ ឈ្នះ សួនសត្វសាហ្វារី វើលដ៏ និងសួនទឹករបស់អ្នកឧកញ៉ាលី យ៉ុងផាត់បានទាក់ទាញមនុស្ស កាន់តែច្រើនមករស់នៅតំបន់នេះ។
លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការវិនិយោគបុរីនេះឡើង យើងមិនផ្តោតលើផលចំណេញតែម្យ៉ាងនោះទេ ប៉ុន្តែយើងចង់ផ្តល់នូវលំនៅដ្ឋានទាន់សម័យ និងផាសុខភាពសម្រាប់អតិថិជន ពិសេសក្រុមអ្នកមាន ដែលកំពុងមានការកើនឡើងនៅកម្ពុជា ពិសេសទីក្រុងភ្នំពេញ។
លោកជំទាវបន្តថា “យើងសាងសង់លំនៅដ្ឋានដោយប្រើឥដ្ឋ២០ យើងផ្តោតលើរចនាបទម៉ូតផ្ទះប្រណីត ដែលមានតម្លៃលើសខ្ទង់២០ភាគរយ ធៀបនឹងម៉ូតផ្ទះធម្មតា”។
លោកជំទាវគង់ សំណាងបានបន្តថា ជាមួយគ្នានេះ យើងផ្តោតការរស់នៅផ្សារភ្ជាប់ជាមួយបរិស្ថាន សួនច្បារ ព្រែកធម្មជាតិ កន្លែងហាត់ប្រាណ ហាងកាហ្វេ ដែលអាចជជែកគ្នាលេងជាលក្ខណៈគ្រួសារ ផ្សារភ្ជាប់សហគមន៍ ដែលពួកគេរស់នៅជាមួយនឹងស្នាមញញឹម៕