ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសសិង្ហបុរី បានចាប់ផ្តើមបើកការដ្ឋានសាងសង់ទីលានដ៏ធំមួយ ដែលដាក់ឈ្មោះថា NS Square នៅកណ្តាលទីក្រុងរបស់ខ្លួន កាលពីថ្ងៃអង្គារ ទី១៩ ខែមីនាម្សិលមិញនេះ។
គម្រោងសាងសង់ទីលានដ៏ធំនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់ជាស្ថាពរ នៅត្រឹមឆ្នាំ២០២៧ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Channel News Asia។
ផែនការអភិវឌ្ឍន៍វេទិកាបណ្តែតទឹក នៅលើឆ្នេរសមុទ្រ Marina Bay ឱ្យក្លាយទៅជាទីលាន NS Square ត្រូវបានប្រកាសនៅឆ្នាំ២០១៧ ហើយដំបូងឡើយ វាគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ ប៉ុន្តែ ការចាប់ផ្តើមសាងសង់បានប្រឈមមុខ នឹងការពន្យារពេល ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។លោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី បានថ្លែងនៅក្នុងពិធីបើក ការដ្ឋានសាងសង់ កាលពីថ្ងៃអង្គារម្សិលមិញនេះថា “នៅពេលដែលការសាងសង់បញ្ចប់រួចរាល់ ទីលាន NS Square នឹងក្លាយជា landmark ជាតិសម្រាប់ប្រជាជនសិង្ហបុរីទាំងអស់”។
លោកបានបន្តថា “ទីលាន NS Square នឹងក្លាយជាកន្លែងសម្រាប់អ្នកបម្រើជាតិ (National Serviceman) និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីអាចទទួលភាពរីករាយជាមួយសន្តិភាព និងភាពរុងរឿងរបស់ប្រទេសសិង្ហបុរី ដែលពួកគេបានការពារអស់រយៈពេលជាច្រើនឆ្នាំមកហើយ”។លោកបញ្ជាក់ថា ទីលាន NS Square នេះ នឹងក្លាយជាគ្រឿងអលង្ការដ៏ស្រស់ស្អាតមួយផ្សេងទៀត ដើម្បីលម្អទេសភាពផ្ទៃមេឃដ៏គួរឱ្យចាប់អារម្មណ៍នៅជុំវិញឆ្នេរសមុទ្រ Marina Bay។
នៅពេលបញ្ចប់ការសាងសង់ ទីលាន NS Square នឹងត្រូវបានរៀបចំទៅជាឆាកអចិន្ត្រៃយ៍ និងកន្លែងដ៏ធំសម្រាប់រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំទ្រង់ទ្រាយធំដូចជា ក្បួនដង្ហែរទិវាជាតិ និងការរាប់ថយក្រោយចុងឆ្នាំ៕