ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុលគ្រោងរៀបចំដំណើរទស្សនកិច្ចដើម្បីទាក់ទាញអ្នកវិនិយោគបារាំង មកកាន់កម្ពុជានាពេលខាងមុខនេះ។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយ លោកJacques PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនាឱកាសនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់លើការរៀបចំ ទស្សនកិច្ចទាក់ទាញវិនិយោគិន(Roadshow) នៅប្រទេសបារាំង និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ក្នុងប្រទេសកម្ពុជា ដែលនឹងមានការចូលរួមពីក្រុមហ៊ុននានា នៃប្រទេសទាំងពីរ ដើម្បីជំរុញការវិនិយោគ និងពង្រឹងទំនាក់ទំនងល្អរវាងគ្នានិងគ្នាផងដែរ។
ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញ លោកឯកអគ្គរដ្ឋទូត ពិនិត្យសោភ័ណភាពក្នុងបរិវេណស្ថាប័ន និងពិនិត្យចេតិយអតីតស្នងការបារាំងចុងក្រោយ ប្រចាំនៅប្រទេសកម្ពុជាអំឡុងឆ្នាំ១៩៤៩ ក្រោយមកទទួលមរណភាពក្នុងឆ្នាំ១៩៥១ និងមានចេតិយស្ថិតក្នុងទីស្ដី ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបច្ចុប្បន្ននេះ៕