មហាសេដ្ឋីអចលនទ្រព្យចិន លោក Hui Ka Yan រងការចោទប្រកាន់ពីបទបំប៉ោងប្រាក់ចំណូលចំនួន៧៨ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសារព័ត៌មានអង់គ្លេស BBC បានចុះផ្សាយថា លោក Hui Ka Yan ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ China Evergrande កំពុងរងការចោទប្រកាន់ ពីបទបំប៉ោងប្រាក់ចំណូលចំនួន៧៨ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំ មុនពេលដែលក្រុមហ៊ុននេះបានខកខានបំណុលរបស់ខ្លួន។

ក្រុមនិយតករទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន បានផាកពិន័យក្រុមហ៊ុនអចលន​ទ្រព្យ Hengda Real Estate ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន China Evergrande ចំនួន៥៨៣,៥លានដុល្លារ ។

រីឯ លោក Hui Ka Yan ត្រូវបានពិន័យជាទឹកប្រាក់ចំនួន៦,៥លានដុល្លារ និងប្រឈមមុខនឹងការហាមឃាត់ មិនឱ្យឈានជើងចូលទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន អស់មួយជីវិតថែមទៀតផង។

កាលពីខែមករាកន្លងទៅ តុលាការក្រុងហុងកុងបានបញ្ជាឱ្យរំលាយក្រុមហ៊ុន Evergrande  ខណៈគណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) បានដាក់ការស្តីបន្ទោសទៅលើលោក Hui  ចំពោះការចោទប្រកាន់ថា លោកបាន ក្លែងបន្លំលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្រុមហ៊ុន Hengda ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។

កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក Hui ដែលជាប្រធានក្រុមហ៊ុន Evergrande  ក៏ត្រូវបានដាក់ឱ្យស្ថិត នៅក្រោមការឃ្លាំមើលរបស់ប៉ូលីសផងដែរ ខណៈដែលលោក Hui ត្រូវបានស៊ើបអង្កេតជុំវិញការសង្ស័យថា លោកបានប្រព្រឹត្តឧក្រិដ្ឋកម្មខុសច្បាប់។

ជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន មិនទាន់អាចស្ទុះងើបចេញពីវិបត្តិបាននៅឡើយ ខណៈដែលវិស័យនេះគ្របដណ្តប់ប្រហែលមួយភាគបី នៃសេដ្ឋកិច្ចរបស់ប្រទេសចិន។

វិស័យអចលនទ្រព្យចិនបាន និងកំពុងជាប់ផុងក្នុងវិបត្តិបំណុល ចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ ដែលនៅពេលនោះ ទីក្រុងប៉េកាំង បានទប់ស្កាត់ មិនឱ្យធនាគារផ្តល់កម្ចីដល់អ្នកអភិវឌ្ឍន៍ អចលនទ្រព្យ  រហូតនាំឱ្យក្រុមហ៊ុន ​អចលន​ទ្រព្យ​ធំ​ៗ​ជា​ច្រើន​ខកខានបំណុល​ និងគ្មានដើមទុនបញ្ចប់គម្រោងអភិវឌ្ឍន៍របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here