ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមតារាងតម្លៃលំនៅដ្ឋានចុងក្រោយបំផុត ពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានបង្ហាញថា អគារ Penthouse Cheongdam ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល បន្តជាប់ចំណាត់ថ្នាក់ ជាអគារអាផាតម៉ិនថ្លៃបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង។
អគារ The Penthouse Cheongdam បានរក្សាតំណែងកំពូលជាអាផាតម៉ិន ដែលមានតម្លៃថ្លៃជាងគេបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង រយៈពេល៤ឆ្នាំជាប់ៗគ្នា គិតចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០២០។
អគារអាផាតម៉ិននេះ មានផ្ទះចំនួន២៩យូនីត ដែលតារាល្បីៗជាច្រើន រួមទាំងគូស្នេហ៍តារាសម្តែងអ្នកនាង Ko So-young និងលោក Jang Dong-gun ក៏ដូចជាកីឡាករវាយកូនហ្គោល ដែលឈ្នះពានរង្វាន់ LPGA Tour 21 អ្នកនាង Park In-bee ត្រូវបានគេរាយការណ៍ថា កំពុងស្នាក់នៅក្នុងអាផាតម៉ិននេះ។
អាផាតម៉ិននៅក្នុងអគារនេះ មានតម្លៃ១៦,៤ពាន់លានវ៉ុន(ប្រហែល១២,២លានដុល្លារ) ក្នុង១យូនីត ដែលមានទំហំ៤០៧,៧១ម៉ែត្រការ៉េ ប៉ុន្តែនេះគ្រាន់តែជាតម្លៃ ដែលបង្ហាញឱ្យដឹងជាសាធារណៈប៉ុណ្ណោះ ខណៈតម្លៃទីផ្សារពិតប្រាកដអាចមានកម្រិតខ្ពស់ជាងនេះ។
តម្លៃដែលបានលាតត្រដាងជាសាធារណៈ នៃអគារអាផាតម៉ិនប្រណីត The Penthouse Cheongdam នេះបានកើនឡើង១៦០លានវ៉ុន(ប្រហែល១១៩.៤៤៣ដុល្លារ) បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ។
ចំណែកឯ អគារអាផាតម៉ិន ដែលមានតម្លៃខ្ពស់ជាងគេបំផុតទី២ នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺអគារ Eterno Cheongdam ដែលស្ថិតនៅក្នុងតំបន់ដូចគ្នានឹងអគារ Penthouse Cheongdam។ តម្លៃដែលបានបង្ហាញឱ្យដឹងជាសាធារណៈ នៃអគារអាផាតម៉ិនមួយនេះ គឺ១២,៨ពាន់លានវ៉ុន ក្នុងមួយយូនីត ដែលមានទំហំ៤៦៤,១១ម៉ែត្រការ៉េ៕