ដោយៈ គង់ សូរិយា
កណ្តាលៈ អ្នកជំនាញបានលើកឡើងថា ដីធ្លីនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣នៅតែទាក់ទាញ ការចាប់អារម្មណ៍របស់អ្នកវិនិយោគជាច្រើនក្នុងរយៈពេលចុងក្រោយនេះ។
អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងតាមតេឡេក្រាម ក្នុងសប្តាហ៍នេះថា នៅតំបន់ជុំវិញរាជធានីភ្នំពេញ នៅតែមានចរន្តទិគលក់ដីធ្លី ប៉ុន្តែជាដីតម្លៃក្រោមទីផ្សារ៣០ទៅ៤០ភាគរយ។
លោកបន្តថា “នៅទីតាំងផ្សេងៗនៃទិសទាំង៤ ខ្ញុំសង្កេតឃើញថាដីនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ មានការចាប់អារម្មណ៍វិនិយោគច្រើនពីវិនិយោគិននានា”។
លោកឌិត ចណ្ណាបានពន្យល់ថា មូលហេតុដែលតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ទាក់ទាញការចាប់អារម្មណ៍ ដោយសារជាតំបន់មានការរីកចម្រើនលឿន មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ខ្វាត់ខ្វែង ដីនៅមានតម្លៃទាប ដែលអាចវិនិយោគបាន ពិសេសភាគខាងត្បូង គឺមានព្រលានយន្តហោះអន្តរជាតិតេជោ ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម និងត្រៀមបើកដំណើរការ នៅចុងត្រីមាសទី២ ឆ្នាំ២០២៥ខាងមុខ។
លោកបន្តថា ចរន្តទិញ លក់ដីធ្លីនៅតែបន្តកើតមាន ហើយកម្រើកឡើងវិញបណ្តើរៗ ជាក់ស្តែងក្រុមហ៊ុនដែលប្រកបវិជ្ជាជីវៈច្បាស់លាស់ក្នុងវិស័យនេះនៅតែលក់ ជួលបាន ព្រោះបើពួកគាត់មិនអាចរកអតិថិជនបាន ក្រុមហ៊ុនរបស់ពួកគាត់នឹងបិទទ្វារអស់ហើយ គឺគ្មានលុយសម្រាប់ដំណើរការនោះទេ៕






