សេដ្ឋកិច្ចជប៉ុនបង្ហាញសញ្ញាវិជ្ជមានឡើងវិញ ក្រោយការនាំចេញកើនឡើងរយៈពេល៣ខែជាប់ៗគ្នា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យបង្ហាញថា ការនាំចេញរបស់ប្រទេសជប៉ុន បានកើនឡើងរយៈពេល៣ខែជាប់ៗគ្នា គិតត្រឹមខែកុម្ភៈ ខណៈតម្រូវការនៅក្នុងសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុបបានស្ទុះងើបឡើងវិញ។

កំណើននៃការនាំចេញនេះ បានផ្តល់ក្តីសង្ឃឹមខ្លះ សម្រាប់ក្រុមអ្នកបង្កើតគោលនយោបាយជប៉ុន ដែលកំពុងខិតខំព្យាយាមស្តារកំណើនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន។

យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន បានបង្ហាញឱ្យដឹង នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ ថា “ការនាំចេញបានកើនឡើង៧,៨% នៅក្នុងខែកុម្ភៈ បើធៀបនឹងខែកុម្ភៈដូចគ្នាកាលពីឆ្នាំមុន ដែលលឿនជាងការព្យាករណ៍ក្នុងរង្វង់៥,៣%” ។
ទិន្នន័យខាងលើនេះ ត្រូវបានចេញផ្សាយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីធនាគារកណ្តាលជប៉ុន បានលុបចោលគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយដំឡើងអត្រាការប្រាក់ ពីក្នុងរង្វង់-០,១ភាគរយ ទៅដល់០,១ភាគរយវិញ។

ចំណែកឯ ការនាំចូលរបស់ប្រទេសជប៉ុន បានកើនឡើង០,៥ភាគរយ ក្នុងខែកុម្ភៈ ដែលកំណើននេះមានកម្រិតទាបជាង បើធៀបនឹងការព្យាករណ៍ជាមធ្យម សម្រាប់ការកើនឡើង២,២ភាគរយ។ជាមួយគ្នានេះ ឱនភាពពាណិជ្ជកម្ម មានទំហំទឹកប្រាក់ចំនួន៣៧៩,៤ពាន់លានយ៉េន (ប្រហែល២,៥២ពាន់លានដុល្លារ) បើធៀបនឹងការព្យាករណ៍ជាមធ្យម សម្រាប់ឱនភាពចំនួន៨១០,២ពាន់លានយ៉េន។

យោងតាមការស្ទង់មតិប្រចាំខែរបស់សារពត៌មាន Reuters បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ទំនុកចិត្តរបស់ក្រុមហ៊ុនធំៗរបស់ជប៉ុន បានស្ទុះងើបឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល៣ខែក្នុងខែមីនានេះ ខណៈទំនុកចិត្តចំពោះវិស័យសេវាកម្ម បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៧ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here