អារ៉ាប៊ីសាអូឌីតគ្រោងសាងសង់អគារកំពស់រហូតដល់២០០០ម៉ែត្រជាមួយផែនការចំណាយ៥០០០លានដុល្លារ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីត ទើបតែបានប្រកាសពីផែន​ការរបស់ខ្លួន ក្នុងការសាងសង់អគារខ្ពស់កប់ពពក របស់ពិភពលោក ដែលមានកំពស់២.០០០ម៉ែត្រ និងតម្លៃ៥ពាន់លានដុល្លារនៅទីក្រុងរីយ៉ាដ។

ជាមួយគ្នានេះ ក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេស ត្រូវបានគេរាយការណ៍មកថា កំពុងរចនាអគារខ្ពស់កប់ពពកមួយនេះ។

ប្រសិនបើសាងសង់រួចរាល់ អគារនោះនឹងប្រែក្លាយទៅជាអគារខ្ពស់ជាងគេទី១នៅលើពិភពលោក។ អគារកំពស់២.០០០ម៉ែត្រដែលត្រូវបានស្នើសាងសង់មួយនេះ មានឈ្មោះថា Rise Tower។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Dezeen។យោងតាមរបាយការណ៍ នៅក្នុងទស្សនាវដ្តីស្ថាបត្យកម្មចក្រភពអង់គ្លេស Architects’ Journal (AJ) បានឱ្យដឹងថា ក្រុមហ៊ុន Foster + Partners កំពុងរចនាអគារកប់ពពក សម្រាប់ទីតាំងមួយនៅភាគខាងជើង នៃរាជធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ទស្សនាវដ្តីស្ថាបត្យកម្ម AJ រាយការណ៍ថា អគារខ្ពស់កប់ពពកនោះ នឹងមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិ របស់ទីក្រុងរីយ៉ាដ ដែលបច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍឡើងវិញ ដោយក្រុមហ៊ុន Foster + Partners ។

ប្រសិនបើត្រូវបានសាងសង់ឡើង អគារខ្ពស់កប់ពពកនោះ នឹងក្លាយជាអគារខ្ពស់ជាងគេបំផុត នៅលើពិភពលោក ដែលមានកម្ពស់លើសម្ចាស់កំណត់ត្រា អគារខ្ពស់បំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្នគឺអគារ Burj Khalifa ដែលមានកម្ពស់៨២៨ម៉ែត្រនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

សំណើនេះនឹងក្លាយជាគោលបំណង ដ៏លេចធ្លោទី២របស់អារ៉ាប៊ីសាអូឌីត ក្នុងការសាងសង់អគារខ្ពស់ជាងគេ នៅលើពិភពលោក ខណៈបច្ចុប្បន្ន អគារ Jeddah Tower ដែលរចនាដោយក្រុមហ៊ុន Adrian Smith + Gill Gordon Architecture និងមានកម្ពស់ជាង១.០០០ម៉ែត្រ កំពុងត្រូវបានសាងសង់ឡើង នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។

អគារ Jeddah Tower ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០១៣ ក្រោយមកក៏ត្រូវបានផ្អាកនៅក្នុងឆ្នាំ២០១៨ ប៉ុន្តែគម្រោងនេះបានចាប់ផ្តើមដំណើរ ការសាងសង់ឡើងវិញ នៅឆ្នាំ២០២៣ ខណៈកាលបរិច្ឆេទនៃការបញ្ចប់គម្រោង មិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here