ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ គណ:កម្មការចំពោះកិច្ចក្រសួង សម្រេចបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ លើគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) មុននឹងបន្តនីតិវិធីជំហានបន្ទាប់។
កិច្ចប្រជុំកាលពីថ្ងៃទី២២ មិនា ឆ្នាំ២០២៤ បានដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការចំពោះកិច្ច ក្រោមការចង្អុលបង្ហាញរបស់លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុលផុស ជុំវិញការងារបច្ចេកទេសនៃគម្រោងស្តារឡើងវិញ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដែលមានប្រវែងជាង២០គីឡូម៉ែត្រនេះ។ បន្ទាប់ពីការពិភាក្សា លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានណែនាំឱ្យរៀបចំបង្កើតក្រុមការងារបច្ចេកទេសចម្រុះមួយ និងរៀបចំគម្រោងផែនការនៃការសិក្សាលើការងារបច្ចេកទេសទាំងនោះ ឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រមូលធាតុចូលយកមក ពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងលទ្ធផល ដែលធ្លាប់បានសិក្សាដោយផ្នែកឯកជន នាពេលកន្លងមក មុននឹងឈានដល់ការសម្រេចជ្រើស យកវិធីសាស្រ្តបច្ចេកទេសណាមួយមកអនុវត្តក្នុងគម្រោងការងារនេះ។
លោកជំទាវកុយ សុដានី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការគ្នាបំពេញការងារនេះ ឱ្យអស់ពីសមត្ថភាព ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការសិក្សា លើការងារបច្ចេកទេស ដើម្បីប្រមូលធាតុចូលយកមកពិនិត្យផ្ទៀងផ្ទាត់ ប្រព្រឹត្តទៅបានដោយរលូន និងទាន់ពេលវេលាក្នុងរដូវប្រាំងនេះ។
លោកជំទាវបន្ថែមថា យើងត្រូវពួតដៃគ្នាធ្វើយ៉ាងណា ឱ្យគម្រោងស្តារកំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅ ទៅដល់វាលរេញ នេះទទួលបានជោគជ័យ ដើម្បីដោះស្រាយបញ្ហាលំបាក ក្នុងធ្វើដំណើរ និងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋតំបន់នោះ ស្របទៅតាមអនុសាសន៍ណែនាំពីប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ និងការចង្អុលបង្ហាញផ្ទាល់របស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕