ដោយ: គង់ លាងហួរ
អន្តរជាតិ: ការធ្លាក់ចុះនៃកម្រិតទឹក បានបង្ខំឱ្យមន្ត្រីកាត់បន្ថយចំនួនកប៉ាល់ ដែលត្រូវអនុញ្ញាតឱ្យឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដែលបានរំខាន ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងជំរុញឱ្យថ្លៃដឹកជញ្ជូនកើនឡើង។
ប៉ុន្តែគិតរហូតមកដល់ពេលនេះ ការធ្លាក់ចុះនៃចំនួនចរាចរណ៍ មិនបាននាំឱ្យមានវិបត្តិហិរញ្ញវត្ថុ សម្រាប់ព្រែកជីក ដែលជាប្រភពផ្តល់ប្រាក់ចំណូលយ៉ាងច្រើន មហាសាលដល់រដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ានោះទេ។
ជាមួយគ្នានេះ មូលហេតុ ដែលនាំឱ្យព្រែកជីកប៉ាណាម៉ា មិនខាតបង់ ក៏ព្រោះតែអាជ្ញាធរព្រែកជីកនេះ បានដំឡើងថ្លៃឈ្នួល ដែលកប៉ាល់ត្រូវបង់ពេលឆ្លងកាត់ មុនពេលដែលវិបត្តិកម្រិតទឹកចាប់ផ្តើមកើតឡើង។ លើសពីនេះ ក្រុមហ៊ុនដឹកជញ្ជូននានា បានសុខចិត្តចំណាយប្រាក់យ៉ាងច្រើន ក្នុងការដេញថ្លៃពិសេស ដើម្បីធានាថា ក្រុមហ៊ុនរបស់ខ្លួនមិនស្ថិតក្នុងបញ្ជី ដែលតម្រូវឱ្យកាត់បន្ថយចំនួនកប៉ាល់ឆ្លងកាត់។
ក្នុងរយៈពេល១២ខែ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ប្រាក់ចំណូលរបស់ព្រែកជីក បានកើនឡើង១៥ភាគរយ ដល់ទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ ទោះបីជាការដឹកជញ្ជូនទំនិញ តាមផ្លូវទឹកដ៏សំខាន់មួយនេះ បានធ្លាក់ចុះ១,៥ភាគរយយ៉ាងណាក្តី។
ទោះជាយ៉ាងនេះក្តី អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានបដិសេធមិនបញ្ជាក់ឱ្យដឹងពីចំនួនទឹកប្រាក់ ដែលខ្លួនទទួលបានពីការដេញថ្លៃនោះទេ។
នៅឯសន្និសីទដែនសមុទ្រ កាលពីសប្តាហ៍មុន ដែលរៀបចំឡើងក្នុងទីក្រុង Stamford លោកស្រី Ilya Espino de Marotta នាយករងនៃព្រែកជីកប៉ាណាម៉ា បានថ្លែងថា “ទឹកប្រាក់ដេញថ្លៃ ដែលឈានដល់៤លានដុល្លារ សម្រាប់កប៉ាល់ឆ្លងកាត់ក្នុង១លើក កាលពីឆ្នាំមុន បានជួយយើងបន្តិចបន្តួចប៉ុណ្ណោះ”។
ការរក្សាបានស្ថិរភាពផ្នែកហិរញ្ញវត្ថុ របស់ព្រែកជីកប៉ាណាម៉ា ទប់ទល់នឹងបញ្ហាខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ បានបង្ហាញឱ្យឃើញពីរបៀបដែលអ្នកគ្រប់គ្រងទំនាក់ទំនងសំខាន់ៗ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលកំពុងសម្របខ្លួន ស្របពេលដែលការប្រែប្រួលអាកាសធាតុបង្កការរំខានដល់ប្រតិបត្តិការ៕