ប្រទេសថៃ និងវៀតណាមក្លាយជាប្រភពភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជាច្រើនជាងគេ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន៩៨៨.៥៧៤នាក់ ក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំ២០២៤នេះ កើនឡើង១៨ភាគរយ ពីចំនួន៨៣៧.៤៤៦នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបានបន្តថា ប្រទេសថៃបានឈរនៅលើកំពូលតារាង ក្នុងនាមជាប្រភពភ្ញៀវទេសចរបរទេស ដែលមកទស្សនាកម្ពុជាច្រើនជាងគេបង្អស់ ក្នុងអំឡុងខែមករាដល់ខែកុម្ភៈឆ្នាំ២០២៤នេះ បន្ទាប់មកគឺប្រទេសវៀតណាម និងប្រទេសចិន។

របាយការណ៍បញ្ជាក់ថា ជនជាតិថៃប្រមាណ២៤៧.៥៣០នាក់ បានធ្វើដំណើរមកកម្ពុជា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ ដែលធ្លាក់ចុះ១០ភាគរយ តាមពីក្រោយដោយជនជាតិវៀតណាមចំនួន១៨៥.៣៨៥នាក់ កើនឡើង៤១ភាគរយ និងជនជាតិចិនចំនួន១០៩.៩៩០នាក់ កើនឡើង៣៨,៥ភាគរយ។

កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥,៤៥លាននាក់ នៅឆ្នាំ២០២៣ ដែលបង្កើតប្រាក់ចំណូលសរុបចំនួន៣,០៨ពាន់លានដុល្លារអាមេរិក។

សម្តេចបានថ្លែងសុន្ទរកថា ក្នុងពិធីបុណ្យទន្លេរ នៅខេត្តសៀម​រាបថា “យើងសង្ឃឹមថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកកាន់កម្ពុជា នឹងកើនឡើងលើសពីកម្រិតមុន ផ្ទុះជំងឺរាតត្បាតកូវីដ-១៩ នៅឆ្នាំ២០២៥ខាងមុខ”។

សម្តេចធិបតី ហ៊ុន ម៉ាណែតជឿជាក់ថា ឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ រួមជាមួយនឹងយុទ្ធនាការ “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកកម្ពុជាកាន់តែច្រើនថែមទៀត។

សម្តេចបានបន្ថែមថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កំពុងក្លាយជាមេដែកដ៏មានសក្តានុពលមួយ តាមរយៈការសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរអន្តរជាតិទៅកាន់ឧទ្យា​នបុរាណវិទ្យាអង្គរ ជាពិសេស និងមកកាន់ប្រទេសកម្ពុជាជាទូទៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here