ទីក្រុងធំៗចំនួន២របស់ប្រទេសអារ៉ាប់រួម គ្រោងផ្គត់ផ្គង់លំនៅដ្ឋានបន្ថែមទៀតនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសអារ៉ាប់រួម(UAE) ត្រូវបានគេរំពឹងថា នឹងបន្តស្ទុះងើបឡើងវិញ នៅក្នុងឆ្នាំ២០២៤នេះ បើទោះបីជាទស្សនវិស័យ សេដ្ឋកិច្ចសកលធ្លាក់ចុះយ៉ាងណាក្តី។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Khaleej Times។

ជាមួយគ្នានេះ ទីក្រុងឌូបៃ និងទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម គ្រោងផ្គត់ផ្គង់លំនៅដ្ឋាន ប្រមាណ៣៤.០០០យូនីត និង៨.០០០យូនីតរៀងៗគ្នា នៅឆ្នាំនេះ។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញ នៅក្នុងកិច្ចពិភាក្សាមួយ ដែលរៀបចំដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL។

អ្នកជំនាញអះអាងថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល និងការកើនឡើងនូវទំនុកចិត្ត របស់វិនិយោគិនកំពុងជំរុញឱកាសថ្មី សម្រាប់កំណើនប្រកបដោយនិរន្តរភាព នៅក្នុងទីផ្សារអចលនទ្រព្យ ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសអារ៉ាប់រួម ជាពិសេសក្នុងរយៈពេលខ្លី និងមធ្យម។

អ្នកជំនាញបន្តថា “ជាពិសេស វិស័យអចលនទ្រព្យ ត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះកើនឡើង ដោយផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកម្រិតខ្ពស់នៃតម្រូវការរបស់អ្នកទិញ ដែលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ”។

លោក James Allan នាយកប្រតិបត្តិនៃក្រុមហ៊ុន JLL ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក បានថ្លែងថា “ឧស្សាហកម្មអចលនទ្រព្យដ៏រឹងមាំ និងមានភាពធន់ បានក្លាយជាសសរស្តម្ភ នៃការធ្វើពិពិធកម្មរបស់អារ៉ាប់រួម ហើយវិស័យនេះ នឹងបង្ហាញនូវលទ្ធផលដ៏រឹងមាំ នៅឆ្នាំ២០២៤ ទោះបីជា វាស្ថិតក្រោមសម្ពាធអតិផរណាយ៉ាងណាក្តី”។

លោកបន្ថែមថា “ទស្សនវិស័យកំណើនវិជ្ជមាន និងនិន្នាការនៃការកើនឡើង ក្នុងបរិយាកាសវិនិយោគ ផ្តល់នូវស្ថេរភាព ស្របពេលមានភាពមិនប្រាកដប្រជាជាសកល ដែលពង្រឹងជំហររបស់អារ៉ាប់រួម ជាជម្រើសដ៏គួរឱ្យទាក់ទាញ សម្រាប់អ្នកវិនិយោគអចលនទ្រព្យក្នុងតំបន់ និងអន្តរជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here