ទីផ្សារខុនដូជួលនៅប្រទេសសិង្ហបុរីកំពុងស្ថិតក្នុងស្ថានភាពមិនសូវអំណោយផល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមភ្នាក់ងារអចលនទ្រព្យ បានបញ្ជាក់ប្រាប់កាសែត The Straits Times ថា គិតមកទល់ពេលបច្ចុប្បន្ននេះ ទីផ្សារជួលខុនដូនៅប្រទេសសិង្ហបុរី បាននិងកំពុងបន្តធ្លាក់ចុះ ខណៈអគារខុនដូដែលទើបបញ្ចប់សាងសង់ថ្មីៗ ត្រូវបានផ្គត់ផ្គង់លើសតម្រូវការទីផ្សារ។

លោក Alex Low ភ្នាក់ងារនៅក្រុមហ៊ុនអចលនទ្រព្យ PropNex Realty បានលើកឡើងថា “កិច្ច​ព្រម​ព្រៀង​ជួល ដែលធ្លាប់​តែបិទ​ក្នុង​   រយៈ​ពេល​មួយ​ថ្ងៃ ប៉ុន្តែ​ពេលនេះ លែង​មាន​ទៀត​ហើយ”។

នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការកើនឡើងនៃតម្រូវការបន្ទប់ខុនដូជួលត្រូវបានជំរុញដោយផ្នែក ជាពិសេសគឺការពន្យារពេលសាងសង់នៅក្នុងវិស័យសំណង់ ដែលបណ្តាលមកពីបញ្ហាជំងឺរាត ត្បាតកូវីដ-១៩។ជាមួយគ្នានេះ ការហូរចូលនៃក្រុមជនបរទេស ដែលមានទេពកោសល្យខ្ពស់ និស្សិតអន្តរជាតិ និងការកើនឡើងនៃចំនួនប្រជាជនសិង្ហបុរី ដែលកំពុងស្វែងរកកន្លែង រស់នៅផ្ទាល់ខ្លួនរបស់ពួកគេ ក៏បានជំរុញនិន្នាការនេះផងដែរ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី យោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី(URA) បានបង្ហាញថា ការជួលខុនដូ ក្នុងរយៈពេល៣ខែចុងក្រោយ នៃដំណាច់ឆ្នាំ២០២៣កន្លងទៅ បានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំ។

លោកស្រី Jasmine Lau ភ្នាក់ងារក្រុមហ៊ុនអចលនទ្រព្យ PropNex   បានអះអាងថា “ចាប់តាំងពីឆមាសទី២ ឆ្នាំ២០២៣មក យើងបានកត់សម្គាល់ឃើញ ជនបរទេសជាច្រើនបានវិលទៅកាន់ស្រុកកំណើតវិញ ហើយប្រជាជនសិង្ហបុរី បានផ្លាស់ប្តូរទីលំនៅទៅកាន់ផ្ទះល្វែងប្រភេទ Build-To-Order របស់ពួកគេ។

កត្តា​ទាំង​នេះ ​បាន​រួម​ចំណែក​ជំរុញឱ្យការ​ផ្គត់ផ្គង់​ខុនដូ​ជួល មានចំនួនច្រើនលើសលប់”។ចំណែកលោក Luqman Hakim ប្រធានផ្នែកទិន្នន័យ និងវិភាគនៅវិបផតថលស្វែងរកអចលនទ្រព្យ ដែលហៅថា “99.co” ក៏បានកត់សម្គាល់ឃើញផងដែរ ពីការផ្គត់ផ្គង់បន្ទប់ខុនដូលើសតម្រូវការ ដែលនាំឱ្យតម្លៃជួលចុះថោក ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣ រហូតមកដល់ពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here