កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា លើទឹកខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ

0

សៀមរាប៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត សៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ  កសិដ្ឋានដំណាំពោត របស់ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក (AG AGRIBUSINESS ASIA (CAMBODIA) CO., LTD.) ស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាព អភិបាលស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងបងប្អូនប្រជាពលរដ្ឋពីបណ្តាឃុំទាំងប្រាំបួន នៃស្រុកប្រាសាទបាគង សរុបអ្នកចូលរួមប្រមាណ៦០០នាក់។

លោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែងឱ្យគម្រោងកសិដ្ឋានដំណាំពោតនេះអាចដំណើរការ និងលេចចេញជារូបរាងបានតាមការគ្រោងទុក។ លោកបានបន្តថា ក្រៅពីការអភិវឌ្ឍគម្រោងដ៍ធំនៅរាជធានីភ្នំពេញ គឺទីក្រុងរណប អ៊ឹង ស៊ីធី(ING City) ក្រុមហ៊ុនបានដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅខេត្តសៀមរាប ជាពិសេសគឺកិច្ចសហការ​ប្រកបដោយយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក ក្នុងវិស័យកសិកម្ម ដាំដំណាំពោត នៅលើផ្ទៃដីប្រមាណ ១០០០ហិកតា ដោយមានការប្រើប្រាស់នូវបច្ចេកវិទ្យាកសិកម្មដ៏ទំនើបចុងក្រោយ នឹងបង្កើនភាពប្រកួតប្រជែង និងមុខមាត់ខេត្តសៀមរាបកើនឡើងមួយកម្រិតទៀត។ ដែលនេះបានឆ្លុះបញ្ចាំងនូវការចូលរួមចំណែកស្របតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដ៏មុតស្រួច នៅក្នុងយុគសម័យថ្មីនៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់អ្នកបន្តវេនដ៏វៃឆ្លាត ប្រកបដោយថាមពល និងភាពប៉ិនប្រសព្វ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមការលើកឡើងរបស់លោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា គោលដៅស្នូលដ៏សំខាន់របស់ក្រុមហ៊ុន គឺការ​នាំមកនូវកសិកម្មបែប​ទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ជាមួយការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាដើម្បីធ្វើបដិវត្តន៍ការអនុវត្តកសិកម្ម និងជួយសម្រួលប្រាក់ចំណូលរបស់កសិករ ក៏ដូចជាការរួមបញ្ចូលនៃកសិកម្មបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ។ លោកបានបន្តទៀតថា កសិដ្ឋានមានបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាព។ ការវិនិយោគរបស់ក្រុមហ៊ុន នឹងបង្កើតឱកាសការងារថ្មីសម្រាប់ទាំងស្ត្រីនិងបុរសនៅក្នុងវិស័យកសិកម្ម ជាមួយនិងរីកចម្រើននៅក្នុងឧស្សាហកម្មដែលកំពុងវិវឌ្ឍន៍ទៅមុខតាមរយៈកម្មវិធីបណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ថ្មីអោយមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។

ក្រុមហ៊ុនសម្លឹងឃើញថា ពោតជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ និងមានសក្តានុពលសម្រាប់កសិករក្នុងស្រុក ហើយនេះក៏ជាឱកាសសម្រាប់កសិករក្នុងស្រុកសហការជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលដែលមានស្ថេរភាព ដោយការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតរបស់កសិដ្ឋាននឹងនាំឱ្យទិន្នផល​កើនខ្ពស់ជាងការប្រើប្រាស់វិធីសាស្ត្រដាំដុះបែបធម្មតារហូតដល់៣ដង។ តាមរយៈការ ​ផលិតពោតក្នុងស្រុក នឹងកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងពង្រឹងសន្តិសុខស្បៀងសម្រាប់កម្ពុជា។ ជាពិសេសនាថ្ងៃអនាគត ក្រុមហ៊ុនចង់ឃើញតំបន់នេះពោរពេញ​ទៅដោយ​ដំណាំ​ចម្រុះ​រួមមាន កប្បាស សណ្តែកសៀង គ្រាប់ធញ្ញជាតិ និងស្រូវដែលផ្តល់ទិន្នផលខ្ពស់ ដោយដំណាំទាំងនេះមិន​ត្រឹម​តែ​រក្សា​ស្ថេរភាព​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ គឺ​រួម​ចំណែក​ដល់​និរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា និងអាជីវកម្មប្រកបដោយនិរន្តរភាពដល់អ្នកជំនាន់ក្រោយផងដែរ។

ក្រៅពីការធ្វើពិពិធកម្មដំណាំ ក្រុមហ៊ុនក៏កំពុងវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាពផងដែរ ដោយអនុវត្តលើកកម្ពស់សុខភាពដី និងការប្រមូលផ្តុំកាបូន តាមរយៈការទទួលយកបច្ចេកវិទ្យាកែលម្អដី និងបច្ចេកទេសចាប់យកកាបូនដោយប្រើផេះអង្កាមដែលអាចជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងថែរក្សាធនធានធម្មជាតិ។

ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋាន ឯកឧត្តម អ៊ឹង គឹមលាង ក្នុងនាមគណៈអភិបាលខេត្តសៀមរាប បានសាទរនិងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស- អេស៊ា (ខេមបូឌា) ឯ.ក ដែលបានជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការវិនិយោគដាំដំណាំពោតលើផ្ទៃដីប្រមាណ១០០០ហិកតា ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន រដ្ឋបាលខេត្ត សង្ឃឹមថាក្រុមហ៊ុននឹងបន្តបង្កើននូវការវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដើ​ម្បី​ចូលរួមដល់កិច្ចអភិវឌ្ឍ និង​​​រួម​ចំណែ​កបង្កើនកា​រ​ងារ និងមុខរបរដល់​ប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសនៅតំបន់ជនបទដែលបង្ហាញពីភាពរឹងមាំរបស់វិស័យកសិកម្ម។ រាជរដ្ឋាភិបាលក៏ដូចជា រដ្ឋបាលខេត្តសៀមរា​បបានកំណត់អាទិភាពខ្ពស់ទៅលើការវិនិយោគ លើសហ-គ្រាសធុនតូច និងមធ្យម ដែលខេត្តត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការពង្រីកសក្តានុពល បង្កើនបុខរបរ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលផ្តោតទៅលើសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការកែច្នៃដំណាំកសិឧស្សាហកម្មជាដើម ដើម្បីភ្ជាប់ជាមួយនឹងសក្តានុពលរបស់ខេត្តដែលមានស្រាប់ ហើយនេះជាឱកាសល្អដែលខេត្តសៀមរាបទទួលបាននូវការវិនិយោគពីក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស អេស៊ា(ខេមបូឌា)ឯ.ក។ តាមរយៈនៃការដាក់ទុកវិនិយោគនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា នឹងបានស្រូបយកកម្លាំងពលកម្ម ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ពិសេសក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង ទាំងនេះពិតជាបានរួមចំណែកក្នុងការបង្កើននូវសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ហើយពិតជាបានកាត់បន្ថយភាពក្រីក្ររបស់ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here