ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូងនឹងស្ទុះងើបឡើងវិញនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

សេអ៊ូល: អ្នកជំនាញមួយរូបអះអាងថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះដល់បាត ហើយប្រតិបត្តិការអគារពាណិជ្ជកម្ម នឹងស្ទុះងើបឡើងវិញ ប្រសិនបើធនា គារកណ្តាលកូរ៉េ(BOK)បញ្ចុះអត្រាការប្រាក់។

លោក Lim Dong-soo នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យCBRE Korea បានព្យាករថា តម្រូវការការិយាល័យក្នុងប្រទេសកូរ៉េ នឹងនៅតែមានស្ថិរភាពនៅឆ្នាំនេះ ស្របពេលមានការបង្កើនសាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារវិនិយោគ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap លោក Lim បានថ្លែងថា “ទីផ្សារអចលនទ្រព្យនឹងស្ទុះងើបឡើងវិញ នៅពេលដែលធនាគារកណ្តាល របស់សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ”។

លោក Lim បាន​មានប្រសាសន៍ឱ្យដឹង ដោយ​ដក​ស្រង់​ពីរបាយការណ៍ថ្មីៗ​នេះរបស់ក្រុមហ៊ុន CBRE ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ យ៉ាងដូច្នេះថា​ “ការ​កាត់​បន្ថយ​អត្រា​ការប្រាក់ ជាលើកដំបូង​បង្អស់អាចនឹង​ធ្វើឡើងនៅ​ខែ​ឧសភា​ខាងមុខ”។

លោកបានបន្តថា “កង្វះការផ្គត់ផ្គង់នៃទីផ្សារការិយាល័យក្នុងស្រុក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យថ្លៃជួលការិយាល័យកើនឡើង និងបានជំរុញឱ្យអត្រាការិយាល័យទំនេរធ្លាក់ចុះ ដែលនេះជាសញ្ញាវិជ្ជមាន សម្រាប់ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម”។

ជាពិសេស ថ្លៃជួលការិយាល័យកម្រិតA នៅទីក្រុងសេអ៊ូល ដែលសម្រេចបានកំណើនប្រចាំឆ្នាំ ខ្ពស់ចំនួន២ខ្ទង់ចាប់តាំងពីឆ្នាំ២០២២ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៤នេះ។

របាយការណ៍របស់ក្រុមហ៊ុន CBRE បានអះអាងថា “ការបង្កើនការប្រកួតប្រជែងដណ្តើមគ្នាជួលការិយាល័យ ដោយសារតែការផ្គត់ផ្គង់នៅមានកម្រិត នឹងជំរុញឱ្យថ្លៃជួលកើនឡើងពេញមួយឆ្នាំ២០២៤នេះ”។

លោក Lim បានបន្ថែមថា “កត្តាផ្សេងទៀត ដែលនឹងជំរុញទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម គឺក្រុមហ៊ុនកូរ៉េភាគច្រើន មិនចូលចិត្តអនុ ញ្ញាតឱ្យបុគ្គលិករបស់ពួកគេធ្វើការមកពីផ្ទះ ដូច្នេះបុគ្គលិកជាច្រើនបានវិលត្រឡប់ ទៅធ្វើការនៅការិយាល័យវិញ បន្ទាប់ពីជំងឺរាតត្បាត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here