ដំណឹងល្អៈ ក្រុមហ៊ុនCambodia Angkor Airនឹងហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌានៅខែមិថុនាខាងមុខ

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ​អ៊ែរ (Cambodia Angkor Air) បាន​ប្រ​កាស​ពី​ការចាប់ផ្តើម​ បើក​ការហោះហើរ​ត្រង់​ចាប់ពី​ថ្ងៃទី១៦ ខែមិថុនា តទៅ​រវាង​រាជធានី​ភ្នំពេញ ​ទៅ​ទីក្រុង​ញូវដែលី​។ ​​យោងតាម​សេចក្តីប្រកាស​របស់​ក្រុម​ហ៊ុន កម្ពុជា អង្គរ​អ៊ែរ កាលពី​ថ្ងៃទី​ ​២៤ ខែមីនា ជើងហោះហើរ​ត្រង់​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​ ១៦ ខែមិថុនា ដោយ​ហោះ​​ហើរ៤​ជើង​ ក្នុង​១សប្តាហ៍​។​

ក្រុមហ៊ុន​បានបញ្ជាក់​ថា ​ការដាក់ឱ្យ​ដំណើរការ​ជើងហោះហើរ​ថ្មី​ប្រកបដោយ​មោទនភាព​របស់​យើង ក្នុងការហោះហើរ​ទៅកាន់​ប្រទេ​ស​ឥណ្ឌា នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៦ ខែមិថុនា ឆ្នាំ​ ២០២៤​។ ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ​នឹង​ចាប់ផ្តើម​ការធ្វើដំណើរ​ដ៏​អស្ចារ្យ​មួយ​នៅពេល​យើង​ចាប់ផ្ដើម​ដំណើរការ​ជើងហោះហើរ​ត្រង់ ​ដំបូង​បំផុត​ពី​ភ្នំពេញ​ទៅកាន់​ទីក្រុង​ញូវដែលី ដោយ​ហោះហើរ​ចំនួន៤ជើង ​ក្នុង​១​សប្តាហ៍ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា និង​ឥណ្ឌា នៅ​ឆ្នាំ​២០២៤”​។​Cambodia Angkor Air expands routes - TTR Weeklyផ្លូវ​ហោះហើរ​ថ្មី​រវាង​ទីក្រុង​ភ្នំពេញ​-​ញូវដែលី គឺជា​ផ្នែក​បន្ថែម​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ​ក្នុងការ​បម្រើ​អ្នកដំណើរ ដោយ​ផ្តល់​ការតភ្ជាប់​ដ៏​ងាយស្រួល ​ទៅ​គោលដៅ​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។​

ក្រុមហ៊ុន​បន្ថែមថា​ “​ដំណើរ​ទៅកាន់​តំបន់​អច្ឆរិយៈ ​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំង២ គឺជា​សុបិន​មួយ​ក្លាយជា​ការពិត​ សម្រាប់​អ្នក​ផ្សងព្រេង​ដែល​ស្វែងរក​ប្រា​សាទ​ជាច្រើន កន្លែង​ប្រវត្តិសាស្ត្រ និង​តំបន់​ព័ទ្ធជុំវិញ​ដោយ​ធម្មជាតិ​ដ៏​គួរឱ្យភ្ញាក់ផ្អើល”​។

ផ្លូវ​ហោះហើរ​ថ្មី​នេះ​នឹង​ទាក់​ទាញ​ភ្ញៀវទេសចរ និង​អ្នកធ្វើដំណើរ​ធុរកិច្ច​កាន់តែច្រើន ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរ​ណ៍ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​​។​

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​មានប្រសាសន៍ថា ផែនការ​របស់​ក្រុមហ៊ុន​អាកាសចរ​ណ៍​នេះ​ក្នុងការ​ចាប់ផ្ដើម​ ដំណើរ​ការហោះ​​ហើរ​ត្រង់​ ទៅកាន់​ប្រទេស​ឥណ្ឌា​ នឹង​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​។​​ទោះយ៉ាងណា​លោក​អះអាងថា ភាពជោគជ័យ​នៃ​ប្រតិបត្តិការ​នេះ ក៏​អាស្រ័យ​លើ​ការកំណត់​តម្លៃ​ផងដែរ​។​

លោកបញ្ជាក់ថា​ “នេះ​ជា​ដំណឹង​ល្អ​ ដែល​យើង​បាន​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ខ្ញុំ​បាន​និយាយ​ជាច្រើន​ដង​ហើយ​ថា ទីផ្សារ​ប្រទេស​ឥណ្ឌា​មាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះ​ឥណ្ឌា​ជា​ប្រទេស​ដ៏​អស្ចារ្យ បើ​និយាយ​ពី​ចំនួន​អ្នកធ្វើដំណើរ​ជុំវិញ​ពិភពលោក”​។ លោកបន្ថែមថា “បន្ទាប់ពី​ប្រទេស​ចិន ឥណ្ឌា​គឺជា​ប្រទេស​ធំជាងគេ ហើយ​មាន​ទាំង​វប្បធម៌ និង​ប្រពៃណី​ដ៏​យូរអង្វែង​”។

ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា លោកឌិន សុមេធារិទ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ប្រតិបត្តិករណ៍ទេសចរ​ណ៍ឥណ្ឌាបានមកកាន់កម្ពុជាបណ្តើរៗហើយ ដើម្បីស្វែងរកឱកាសវិនិយោគ និងសិក្សាពីដំណើរទស្សនកិច្ចថា ពួកគេទៅទស្សនានៅទីណានៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។

លោកបន្តថា “មានភ្ញៀវទេសចរណ៍បែបវប្បធ៌ម និងភ្ញៀវចូលចិត្តលេងនៅតាមកាស៊ីណូ ដែលនេះនឹងផ្តល់ផលប្រយោជន៍ទាំងនៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាបផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here