ដោយ: គង់ លាងហួរ
អន្តរជាតិ: នាពេលថ្មីៗនេះ ប្រទេសអារ៉ាប៊ីសាអូឌីតទើបតែបានប្រកាសពីផែនការសាងសង់រមណីយដ្ឋានប្រណីតខ្នាតយក្សមួយ ស្ថិតនៅក្នុងគម្រោងទីក្រុងឆ្នាតវៃ Noem របស់ខ្លួន។
រមណីយដ្ឋានប្រណីតខ្នាតយក្សនេះមានបន្ទប់ចំនួន២៥០ មានរចនាបថស្ថាបត្យកម្មដូចជា ស្ពានតភ្ជាប់ច្រាំងខាងជើង និងច្រាំងខាងត្បូង ព្រមទាំងមានអាងហែលទឹកដ៏ធំបំផុតនៅលើពិភពលោក ដែលជាផ្នែកមួយនៃគម្រោងបង្កើតទីក្រុងនាពេលអនាគត NEOM ។
រមណីយដ្ឋាននេះត្រូវបានដាក់ឈ្មោះថា Treyam ដែលជាគម្រោងចុងក្រោយបំផុតរបស់ទីក្រុង NEOM ។ រមណីយដ្ឋាននេះ នឹងមានបទដ្ឋានស្ថាបត្យកម្ម ជាមួយនឹងការរចនាប្រកបដោយភាពច្នៃប្រឌិត ដែលបង្កើតការឆ្ពិនភ្នែកដូចការគយគន់មើលថ្ងៃលិចពីចម្ងាយ។
រមណីយដ្ឋាន Treyam ត្រូវ បាន គេ កំណត់ ទីតាំង សាងសង់ឡើងនៅ លើ បឹង ទឹកប្រៃមួយ នៅ ភាគ ខាង ត្បូង ឈូង សមុទ្រ Aqaba។ នៅពេលការសាងសង់បញ្ចប់រួចរាល់ Treyam នឹងក្លាយទៅជា រមណីយដ្ឋាន ដ៏ប្រណីត ដែល អ្នក អភិវឌ្ឍន៍ ហៅ ថា ជា “ទីជម្រក ដ៏ខ្ពស់ មួយ”។
រមណីយដ្ឋាននេះនឹងត្រូវបានរចនាឡើងត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីលើសមុទ្រ ដោយក្រុមប្រឹក្សាភិបាលរបស់ទីក្រុង NEOM បានអះអាងថា ភ្ញៀវដែលចូលមកទស្សនា នឹងទទួលអារម្មណ៍ថា ពួកគេកំពុងអណ្តែតនៅលើផ្ទៃទឹកសមុទ្រ។
យោងតាមសេចក្តីប្រកាសពីក្រុមប្រឹក្សាភិបាលរបស់ទីក្រុង NEOM បានចាត់ទុករមណីយដ្ឋាននេះថា ជា “ទីតាំងជាយុទ្ធសាស្ត្រ ឆ្លងកាត់បឹងពណ៌ខៀវដ៏ស្រស់ស្អាតបំផុតមួយ ស្ថិតនៅចុងភាគខាងត្បូងនៃឈូងសមុទ្រ Aqaba។ រមណីយដ្ឋាន Treyam គឺជាច្រកផ្លូវដ៏ប្រណីត ដែលភ្ញៀវទេសចរអាចមកសាកល្បងជាមួយរបៀបរស់នៅសកម្ម”។
រមណីយដ្ឋាននេះនឹងរួមបញ្ចូលគ្នានូវភាពប្រណីតជាមួយនឹងការផ្សងព្រេង ដោយផ្តល់ជូននូវកីឡា និងសកម្មភាពជាច្រើន រួមទាំងការជិះទូកក្តោង ការមុជទឹក និងកីឡាក្នុងទឹកផ្សេងទៀត។
លើសពីនេះ រមណីយដ្ឋាន Treyam នឹងរួមបញ្ចូលសកម្មភាពជាច្រើនទៀត នៅលើដីគោក សម្រាប់ភ្ញៀវចូលរួម ដែលក្នុងនោះ រួមមានដូចជា ការព្យាបាលដោយស្ប៉ា និងការផ្តល់ជូននូវជម្រើសអាហារឆ្ងាញ់ៗ៕