កម្ពុជា ឥណ្ឌូនេស៊ីពង្រឹងកិច្ចសហការនិងជម្រុញការវិនិយោគ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កម្ពុជា និងឥណ្ឌូនេស៊ីបាននិងកំពុងបោះជំហានកាន់តែវែងជាងមុន លើកិច្ចសហប្រតិបត្តិការ និងការជម្រុញការវិនិយោគ​ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា។

ក្នុងជំនួបជាមួយ លោក Santo Darmosumarto​ ​ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោកលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូត និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលបានជួយសម្របសម្រួល លើដំណើរទស្សនកិច្ចសិក្សា ដកស្រង់បទពិសោ​ធន៍ស្តីពីការអភិវឌ្ឍ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យឌីជីថលដើម្បីជំរុញវិនិយោគ របស់ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗកន្លងទៅនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបភាគីមិត្តអំពីគម្រោងវិនិយោគធំៗ ដែលបាននិងកំពុងអនុវត្ត និងសម្រាប់អនុវត្តនាពេលអនាគត រួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក គម្រោងព្រែកជីកហ្វូណនតេជោ កំពង់ផែ និងភស្ដុភារកម្មជាដើម ដែលគម្រោងទាំងនេះ វិនិយោគគិនឥណ្ឌូនេស៊ី អាចពិនិត្យធ្វើការវិនិយោគបាន។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយត្រៀមខ្លួនជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ រវាងប្រទេសទាំងពីរឱ្យបានកាន់តែ ប្រសើរមួយកម្រិតថែមទៀត”។

លោក Santo Darmosumarto​ ឯកអគ្គរដ្ឋទូត បានយល់ស្របលើការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការជំរុញវិនិយោគរវាងប្រទេសទាំងពីរ ដោយចាប់ផ្តើមពិភាក្សាធ្វើអនុស្សរណៈនៃការយោគយល់ស្តីពី ការជំរុញវិនិយោគរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត ក៏បានស្នើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមក្នុងពិព័រណ៍ផ្នែកសុខាភិបាល នៅក្រុងព្រះសីហនុ និងវេទិកាធុរកិច្ចនានា ដែលគ្រោងរៀបចំដោយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជានាពេលខាងមុខ ដើម្បីបង្ហាញសក្ដានុពល ឱកាសវិនិយោគនៅកម្ពុជា និងឥណ្ឌូនេស៊ី។

ឯកអគ្គរដ្ឋទូតសង្ឃឹមថា ឆ្លងតាមកិច្ចសហប្រតិបត្តិការល្អរវាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ពិសេសលើវិស័យវិនិយោគរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង ពង្រីកបានរីកចម្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here