ទីផ្សារខុនដូនៅកម្ពុជាបានងាកមកពឹងផ្អែកខ្លាំងលើជនបរទេសកាន់តែច្រើនជាងមុន

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមអ្នកជំនាញបានលើកឡើងថា ស្ថានភាពទីផ្សារខុនដូមានភាពប្រសើរ ប៉ុន្តែទីផ្សារនេះបានពឹងផ្អែក លើជនបរទេសឡើងវិញ បន្ទាប់ពីស្ថានភាពមិនច្បាស់លាស់របស់វិស័យនេះ។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតា​មបណ្តាញ តេឡេក្រាមកាលពីល្ងាចថ្ងៃទី២៦ មិនាថា ទីផ្សារខុនដូ សម្រាប់អតិថិជន ក្នុងស្រុកមិនសូវមានភាពអំណោ​យផលនោះទេ ដោយបច្ចុប្បន្ននេះ អ្នកទិញក្នុងស្រុកមានមួយៗប៉ុណ្ណោះ។

លោកបន្តថា “ទីផ្សារខុនដូ បានងាកពឹងផ្អែកលើជនបរទេសច្រើន បន្ទាប់ពីវិបត្តិកូវីដ១៩ និងបញ្ហាសេដ្ឋកិច្ចសកលបន្តអូសបន្លាយរហូតមកទល់ពេលនេះ”។លោកខន គង្គាបានបន្តថា យើងបាននិងកំពុងពង្រឹងបុគ្គលិកផ្នែកលក់របស់យើង ដើម្បីដាក់ចេញយុទ្ឋសាស្រ្តថ្មីៗ ក្នុងគោលដៅទាក់ទាញ ការវិនិយោគពីអតិថិជនក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ។

ជាមួយគ្នានេះ លោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុនUrban Hub & Factory Phnom Penh ដែលកំពុងវិនិយោគខុនដូដ៏ធំមួយនៅលើមហាវិថី៦០ម៉ែត្រ បានមានប្រសាសន៍ថា អ្នកវិនិយោគអន្តរជាតិកាន់តែច្រើន បានស្វែងរកឱកាសវិនិយោគខុនដូនៅកម្ពុជា ដោ​យសារការវិនិយោគនៅទីនេះ ទទួលបានផលចំណេញពីការវិនិយោគខ្ពស់ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។លោកបណ្ឌិតបានបន្តថា “កម្ពុជាមានភាពអំណោយផលច្រើន សម្រាប់ការវិនិយោគរបស់ជនបរទេស ដោយពួកគេអាចបើកក្រុមហ៊ុនជាមួយភាគហ៊ុន១០០ភាគរយ ពួកគេអាចយកប្រាក់ចំណេញចេញបានដោយមិនបង់ពន្ឋ”។ លោកបន្ថែមថា “ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយ និងការបង់ពន្ឋដែលមានភាពច្បាស់​លាស់ ការមានប្រជាជនវ័យក្មេងច្រើន បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ។

កាលពីពេលថ្មីៗនេះ មានរបាយការណ៍ស្រាវជ្រាវថ្មីមួយ ដោយ​បានបង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១០ នៅលើពិភ​ពលោក ដែលអ្នកវិនិយោគសឹង្ហបុរី បានស្វែងរកការវិនិយោគអចលនទ្រព្យច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here