តើប្រទេសវៀតណាមផ្តល់ជូនសេវាកម្មល្អបែបណាខ្លះ ទើបអាចទាក់ទាញភ្ញៀវទេសចរលំដាប់មហាសេដ្ឋីមកពីជុំវិញពិភពលោក?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមប្រតិបត្តិករទេសចរណ៍មួយរូបបានឱ្យដឹងថា ភ្ញៀវទេសចរណ៍លំដាប់VIP ដែលមកកំសាន្តជាលក្ខណៈឯកជននៅប្រទេសវៀតណាម ចំណាយប្រាក់១៥.០០០ដុល្លារក្នុងមួយថ្ងៃ ។

ភ្ញៀវទេសចរណ៍លំដាប់VVIPទាំងនោះ ពួកគេទាមទារបទពិ​សោ​ធន៍ប្លែកៗ និងចូលចិត្តស្វែងយល់ពីវប្បធម៌តាមដងផ្លូវ។

ជាក់ស្តែង ថ្មីៗនេះ លោក Nguyen Duc Hanh នាយកប្រតិបត្តិនៃក្រុមហ៊ុនទេសចរណ៍ All Asia Vacation បានរៀបចំដំណើរទេសចរណ៍ សម្រាប់កំពូលមហាសេដ្ឋី ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកMicrosoft គឺលោក Bill Gates នៅប្រទេសវៀតណាម កាលពីដើមខែមីនាកន្លងទៅ។

លោកបានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនរបស់លោក បានផ្តល់ជូននូវសេវាកម្មដល់ភ្ញៀវទេសចរ ដែលមានទ្រព្យសម្បត្តិជាច្រើន មកពីជុំវិញពិភពលោក រួមទាំង តារាហូលីវូដ កំពូលអ្នកលេងកីឡាវាយកូនបាល់ប្រភេទTennis និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗនានាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។

លោកបានបន្តថា ភ្ញៀវទេសចរលំដាប់ VIPភាគច្រើន ចំណាយប្រាក់ជាមធ្យម៥០០ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែភ្ញៀវទេសចរមួយចំនួនទៀត ហ៊ានចំណាយប្រាក់១៥.០០០ដុល្លារក្នុងមួយថ្ងៃ។

ទោះជាយ៉ាងនេះក្តី ការផ្តល់សេវាកម្មទៅកាន់មហាសេដ្ឋី និងតារាល្បីៗទូទាំងពិភពលោក គឺជារឿងពិបាកខ្លាំងណាស់ ហើយក្រុមហ៊ុនរបស់លោក Hanh ត្រូវរកវិធីទាក់ទងអ្នកចាត់ការផ្ទាល់ខ្លួនរបស់តារាល្បីៗទាំងនោះ ដើម្បីណែនាំផលិតផលទេសចរណ៍របស់ខ្លួន។

លោក Hanh បានបញ្ជាក់ថា “អតិថិជន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភភាគច្រើន មិនចូលចិត្តកក់ដំណើរទេសចរណ៍ ទុកមុនយូរនោះទេ ហើយពួកគេតែងតែធ្វើការសម្រេចចិត្តភ្លាមៗ នៅនាទីចុងក្រោយប៉ុណ្ណោះ។

លោកបន្ថែមថា ប៉ុន្តែអតិថិជនទាំងនេះ ហ៊ានចំណាយប្រាក់ខ្ពស់ ដើម្បីទទួលបានបទពិសោធន៍ដែលពួកគេចង់បាន។

ជាមួយគ្នានេះ ភ្ញៀវទេសចរជាមហាសេដ្ឋី មិនមានពេលវេលាអង្គុយ ក្នុងរថយន្តអស់រយៈពេល៦ម៉ោង ដើម្បីធ្វើដំណើរពីទីក្រុង Da Nang ទៅកាន់ទីក្រុង Quang Binh តាមមធ្យោបាយផ្លូវថ្នល់នោះទេ។ ដូច្នេះក្រុមហ៊ុនទេសចរណ៍ All Asia Vacation បានងាកមកប្រើប្រាស់យន្តហោះ ជាមធ្យោបាយធ្វើដំណើរវិញ និងជួយសន្សំសំចៃពេលវេលាបានច្រើន។

លើសពីនេះ ក្រុមហ៊ុនរបស់លោក Hanh បានទទួលការអនុ​ញ្ញាតពីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ ដើម្បីរៀបចំពិធីជប់លៀងនៅលើឆ្នេរសមុទ្រ នៅពេលទឹកសមុទ្រមានជំនោរទាប ក្នុងគោលបំណងបង្កើតបទពិសោធន៍ដ៏ពិសេសមួយ សម្រាប់ក្រុមភ្ញៀវទេសចរណ៍លំដាប់អភិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here