តើទីក្រុងមួយណានៅក្នុងតំបន់អាស៊ី ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុត?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមបញ្ជីអ្នកមាននៅលើពិភពលោកពី វិទ្យាស្ថានស្រាវជ្រាវ Hurun ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានបង្ហាញថា ទីក្រុង Mumbai របស់ប្រទេសឥណ្ឌា បានវ៉ាដាច់ទីក្រុងប៉េកាំង ក្លាយជាទីក្រុងដែលមានមហាសេដ្ឋី រស់នៅច្រើនជាងគេបំផុតទី១ ប្រចាំតំបន់អាស៊ី។

ទីក្រុងMumbai មានមហាសេដ្ឋីរស់នៅចំនួន៩២រូប ខណៈទីក្រុងប៉េកាំងរបស់ប្រទេសចិន មានមហាសេដ្ឋីរស់នៅចំនួន៩១រូប ដែលចំនួននេះ បានធ្វើឱ្យទីក្រុង Mumbai ក្លាយជាទីក្រុង ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុតទី១ ប្រចាំតំបន់អាស៊ី។

ជាមួយគ្នានេះ បើគិតទូទាំងពិភពលោក ទីក្រុង Mumbai បានជាប់ចំណាត់ថ្នាក់លេខ៣ ជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេ បន្ទាប់ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដែលមានមហាសេដ្ឋីរស់នៅចំនួន១១៩រូប  និងទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេស ដែលមានមហាសេដ្ឋីរស់នៅចំនួន៩៧រូប។

របាយការណ៍ដដែលបានបង្ហាញទៀតថា មហាសេដ្ឋីឥណ្ឌាដ៏លេចធ្លោជាងគេ២រូប រួមមាន លោក Mukesh Ambani ម្ចាស់ក្រុមហ៊ុន Reliance Industries និងលោក Gautam Adani ម្ចាស់ក្រុមហ៊ុន Adani Group។

លោក Ambani គឺជាមហាសេដ្ឋីធំជាងគេបំផុត ក្នុងប្រទេសឥណ្ឌា ដែលមានទ្រព្យសម្បត្តិប្រមាណ១១៥ពាន់លានដុល្លារ បន្ទាប់មកគឺលោក Adani ដែលមានទ្រព្យសម្បត្តិចំនួន៨៥ពាន់លានដុល្លារ។

ប្រទេសឥណ្ឌាទាំងមូល បានបូកបន្ថែមមនុស្សចំនួន៩៤នាក់ ចូលទៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោក សរុបចំនួន២៧១នាក់របស់វិទ្យាស្ថានស្រាវជ្រាវHurun។

តួលេខថ្មីនេះបង្ហាញថា នៅក្នុងប្រទេសឥណ្ឌា មានចំនួនមហាសេដ្ឋីច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៣មក។

ប៉ុន្តែបើគិតពីចំនួនមហាសេដ្ឋីសរុបទូទាំងប្រទេស គេសង្កេតឃើញថា ប្រទេសដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុត សម្រាប់ឆ្នាំ២០២៤នេះ គឺជាប្រទេសចិន ដែលបន្តស្ថិតលើកំពូលតារាង ដោយមានមហាសេដ្ឋីរស់នៅចំនួន៨១៤នាក់ តាមពីក្រោយដោយសហរដ្ឋអាមេរិកមាន៨០០នាក់ និងប្រទេសឥណ្ឌាមាន២៧១នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here