កម្ពុជា ថៃ វៀតណាមជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រនៃច្រករបៀងសេដ្ឋកិច្ច

0

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ  អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំស្តីពី ការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC)។

កិច្ចប្រជុំនេះដោយចូលរួមពីឯកឧត្តម ណាត់ថាពង្ស សៈងួនជីត (NATTHAPONG SANGUANCHIT) អភិបាលខេត្តត្រាត និងគណៈប្រតិភូ លោកឡាយ សួន ឈាន (LAI XUAN CHIEN) អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ឋជាច្រើន។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំស្តីពី ការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) នៅខេត្តតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃព្រះរាជាណា ចក្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា “តារារៈនាទិសនិរតី” ។

ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម ការដឹកជញ្ជូនទេសចរ ការអភិវឌ្ឍ និងផ្សព្វផ្សាយសេវាកម្មទេសចរណ៍ នៃច្រករបៀងសេដ្ឋកិច្ច ខេត្តជាប់មាត់សមុទ្ររបស់ប្រទេសទាំងបី ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបំណិនទេសចរណ៍។

អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិយ៉ាងសំខាន់។

ក្នុងរយៈពេលជាង៣ឆ្នាំ នៃវិបត្តិជំងឺកូវីដ-១៩ វិស័យទេស ចរណ៍ ក៏ដូចជាឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរទាំងក្នុងតំបន់ និងនៅលើសកលលោក បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

លោកបន្តថា បច្ចុប្បន្ននេះ យើងសង្កេតឃើញថា និន្នាការទេសចរណ៍អន្តរជាតិនៅក្នុងតំបន់ និងពិភពលោក បាននឹងកំពុងដំណើរការ និងវិវត្តន៍រីកចំរើនល្អប្រសើរឡើងវិញជាបណ្ដើរៗ។

លោកអ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា វត្តមាននៃការចូលរួមពីតំណាងទាំង៣ ប្រទេសក្នុងកិច្ចប្រជុំ បានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ឆ្ពោះទៅមុខ ក្នុងការអភិវឌ្ឍខេត្តជាប់សមុទ្ររបស់ប្រទេសទាំង៣ ដើម្បីផលប្រយោជ​ន៍រួមទៅវិញទៅមក (Win Win)។

លោកបញ្ជាក់ថា “ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម​របស់​​ភាគីមិត្តថៃបង្កើតCVTEC ក៏ដូចជារៀបចំឱ្យមានកិច្ចប្រជុំ CVTEC និងបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗកន្លងមក ដើម្បីចូលរួមជាមួយបណ្តាប្រទេសជាសមាជិក សំដៅនូវគំនិតផ្តួចផ្តើមជំរុញសក្តានុពលទេសចរណ៍ និងផលិតផលថ្មីៗ នៃខេត្តជាប់សមុទ្រក្នុងរបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ។

លោកបន្តថា គំនិតផ្តួចផ្តើមពីរគឺ ខិតខំបង្កើតផលិតផលថ្មីៗ ផ្អែកតាមការងារយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” (BUILD+3Ds) ដែលជាការងារអទិភាព គាំទ្រដល់កិច្ចជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍របស់យើង ធ្វើការរៀបចំកិច្ចប្រជុំនេះជាបន្តបន្ទាប់ និងបង្កើតនូវយន្តការមួយច្បាស់លាស់ សម្រាប់សម្របសម្រួល ដល់កិច្ចប្រជុំបន្តបន្ទាប់នាឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here