ក្រុមហ៊ុនបារាំង និងចិន ចាប់ដៃសហការបង្កើតរោងចក្រផលិតប្រេងឥន្ធនៈអាកាសចរណ៍

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនរដ្ឋចិន Sinopec និងក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្សរបស់ប្រទេសបារាំង TotalEnergies បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផលិតឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព (SAF)។

យោងតាមសេចក្តីថ្លែងការណ៍បានបង្ហាញថា ក្រុមហ៊ុនទាំង២ នឹងរួមគ្នាសាងសង់ និងដំណើរការអង្គភាពផលិតឥន្ធនៈ អាកាសចរណ៍ប្រកបដោយនិរន្តរភាព (SAF) នៅឯរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Sinopec ក្នុងប្រទេសចិន ដោយមានសមត្ថភាពផលិតឥន្ធនៈSAF ប្រចាំឆ្នាំចំនួន២៣ម៉ឺនតោនក្នុងមួយឆ្នាំ។

ការប្រើប្រាស់ឥន្ធនៈ SAF អាចកាត់បន្ថយការបំភាយឧស្ម័ន CO2 ប្រហែល៨០% បើធៀបនឹងឥន្ធនៈយន្តហោះធម្មតា។ នេះបើយោងតាមទិន្នន័យ ដែលដកស្រង់ដោយក្រុមហ៊ុន ផលិតយន្តហោះ Airbus ។

សហភាពអឺរ៉ុបគ្រោងដាក់ចេញវិធានការ ដែលតម្រូវឱ្យអាកាសយានដ្ឋានលាយបញ្ចូលប្រេងឥន្ធនៈ SAF ក្នុងអត្រា២%នៃល្បាយឥន្ធនៈសរុប ចាប់ពីឆ្នាំ២០២៥តទៅ។ ចំណែកនៅសហរដ្ឋអាមេរិក រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានដាក់ឱ្យអនុវត្តន៍ឥណទានពន្ធសម្រាប់ផលិតកម្មប្រេង SAF ស្ថិតក្រោមច្បាប់កាត់បន្ថយអតិផរណា(IRA)។រោងចក្រផលិតប្រេងឥន្ធនៈSAF នឹងប្រើប្រាស់ប្រេងចម្អិនអាហា​រដែលគេប្រើរួច (UCO) ជាវត្ថុធាតុដើម។  ប្រទេសចិន គឺជាប្រទេសផលិត ប្រេងចម្អិនអាហារដែលគេប្រើរួច ដ៏ធំបំផុតរបស់ពិភពលោក ដែលបង្កើតបានប្រហែល១១,៤ពាន់លានលីត្រ ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមទិន្នន័យ ដែលបានដកស្រង់ដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក។

បច្ចុប្បន្ននេះ ក្រុមហ៊ុនចិន Sinopec កំពុងដំណើរការរោងចក្រចម្រាញ់ប្រេង SAF ដែលមានស្រាប់នៅទីក្រុង Zhenhai ក្នុងខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន ដែលមានសមត្ថភាពផលិតប្រេងចំនួន១០ម៉ឺនតោនក្នុងមួយឆ្នាំ។

ទោះជាយ៉ាងណាក្តី ទីក្រុងប៉េកាំងមិនបានដាក់ចេញនូវគោលនយោបាយ ដូចជាការឧបត្ថម្ភធន ដើម្បីគាំទ្រដល់ការប្រើប្រាស់ប្រេងឥន្ធនៈ SAF នៅក្នុងទីផ្សារអាកាសចរណ៍ ក្នុងស្រុករបស់ខ្លួននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here