ដំណឹងល្អ!ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ នឹងដាក់ឱ្យដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ មេសា តទៅ

0

(ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបាននៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ស្ពានអាកាស «មរតកតេជោ» កម្ពស់ពីរជាន់ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពល ខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាជាអ្នកទទួលការសាងសង់។

បច្ចុប្បន្នការសាងសង់ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។

ចំពោះមុខដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរ បានមួយកម្រិត ត្រង់ចំណុចប្រសព្វមហាវិថីទាំង៣ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here